សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា ក្រុមហាម៉ាស់បានអះអាងពីការទទួលបាននិងកំពុងសិក្សាទៅលើសំណើថ្មីមួយសម្រាប់បទឈប់បាញ់ ក៏ដូចជាការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា ពីសំណាក់ក្រុមអ្នកសម្រុះសម្រួល ប៉ុន្តែជាថ្មីម្តងទៀត លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu នៅតែប្តេជ្ញាមិនដកកងទ័ពចេញពីហ្គាហ្សាឡើយ រហូតដល់ទទួលបានជ័យជម្នះទាំងស្រុង។
សំណើបទឈប់បាញ់មួយត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចពិភាក្សាក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានការចូលរួមពីប្រធានចារកម្មមកពីអ៉ីស្រាអែល សហរដ្ឋអាមេរិក និងអេហ្ស៉ីប ជាមួយនាយករដ្ឋមន្ត្រីកាតារ។ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាស់បានប្រាប់ Reuters ដោយមិនបញ្ចេញឈ្មោះថា សំណើនេះពាក់ព័ន្ធនឹងបទឈប់បាញ់ ៣ដំណាក់កាល អំឡុងពេលដែលហាម៉ាស់ដោះលែងជនស៉ីវិលនៅសល់ ក្នុងចំណោមចំណាប់ខ្មាំងដែលខ្លួនចាប់បានកាលពីថ្ងៃទី៧ ខែតុលា បន្ទាប់មកដោះលែងទាហាន និងចុងក្រោយប្រគល់សាកសពចំណាប់ខ្មាំងដែលត្រូវបានសម្លាប់។ មេដឹកនាំរបស់ក្រុមហាម៉ាស់ លោក Ismail Haniyeh បាននិយាយថានឹងទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៉ីប ដើម្បីពិភាក្សាពីសំណើនេះ។ ចំណែក អ៉ីស្រាអែលនិយាយថា ខ្លួននឹងមិនបញ្ឈប់ការប្រយុទ្ធគ្នាឡើយ រហូតទាល់តែក្រុមហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្គាហ្សា តាំងពីឆ្នាំ២០០៧មកនោះ ត្រូវបានលុបបំបាត់ទាំងស្រុង។
នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Netanyahu កំពុងស្ថិតក្រោមសម្ពាធពីសម្ព័ន្ធមិត្តអាមេរិក ដើម្បីរៀបចំផ្លូវឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាម ហើយនៅក្នុងស្រុកវិញ សាច់ញាតិរបស់ចំណាប់ខ្មាំងថា ការចរចាគឺជាមធ្យោបាយតែមួយគត់ ដើម្បីនាំពួកគេត្រឡប់មកផ្ទះវិញ។ ប៉ុន្តែក្រុមស្តាំនិយមនៃគណបក្សកាន់អំណាចរបស់លោក បាននិយាយថា ពួកគេជ្រើសរើសយកការលាលែងពីតំណែងជាជាងគាំទ្រកិច្ចព្រមព្រៀងមួយ ដើម្បីដោះលែងចំណាប់ខ្មាំងដែលត្រូវទុកឲ្យក្រុមហាម៉ាស់នៅដដែល៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)