ខេត្តព្រះសីហនុ ៖ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ – Special Programme to Promote Investment in Preah Sihanouk Province 2024» នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កត្តាសន្តិសុខ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានានិរន្តរភាពនៃការអភិវឌ្ឍគ្រប់បែបយ៉ាង ហើយកត្តាសន្តិសុខនេះហើយ ដែលដើរតួនាទីចម្បងក្នុងការការពារតំបន់ទេសចរណ៍ និងតំបន់ឧស្សាហកម្មផ្សេងៗ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏មានផងដែរការផ្តោតសំខាន់ទៅលើភូមិ-ឃុំមានសុវត្ថិភាព ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំប្រឹងប្រែង និងចាត់វិធានការឱ្យមានប្រសិទ្ធភាពក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។
ទន្ទឹមនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអាជ្ញាធរ គណៈបញ្ជាការឯកភាព កងរាជអាវុធហត្ថ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់លើបញ្ហាសន្តិសុខ តាមរយៈការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន និងការប្រើប្រាស់អាវុធខុសច្បាប់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សម្រាប់ភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តព្រះសីហនុ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំអាជ្ញាធរឱ្យថែរក្សាសន្តិសុខឱ្យបានល្អនៅខេត្តព្រះសីហនុ ព្រោះកត្តាសន្តិសុខនេះ មានសារសំខាន់ណាស់ក្នុងការទាក់ទាញទេសចរ ។ កិច្ចការងារនេះ គឺធំ ដែលអាចឱ្យយើង សម្រេចបាននូវចីរភាពទាញសក្ដានុពលនៃការីកចម្រើនពហុវិស័យ ។ កិច្ចការធំបំផុត គឺបញ្ហាគ្រឿងញៀន និងការប្រើប្រាស់អាវុធខុសច្បាប់ ។
សម្ដេចធិបតី បញ្ជាឱ្យបិទទីតាំងបាញ់កាំភ្លើងនៅខេត្តព្រះសីហនុ និងបញ្ឈប់ការចេញអាជ្ញាបណ្ណសុំបង្កើតទីតាំងបាញ់កាំភ្លើងផងដែរ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទទីតាំងក្លឹបបាញ់កាំភ្លើងឯកជន ពីរកន្លែងនៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ។ ចំណែកទីតាំងកងទ័ពដែលមានទីលានបាញ់កាំភ្លើងក៏មិនត្រូវអនុញ្ញាតធ្វើអាជីវកម្មបាញ់កាំភ្លើងឯកជននោះទេ។
សម្ដេចធិបតីបញ្ជាក់ថា កាលពីម្សិលមិញ (៣០ មករា ២០២៤) សម្ដេចធិបតី បានសម្រេចឱ្យរៀបចំចេញអនុក្រឹត្យមួយឱ្យបញ្ឈប់ការបើកថ្មីចំពោះទីកន្លែងបាញ់កាំភ្លើងឯកជន ឬបាញ់ស៊ីបនេះ ៕
ដោយ ៖ សិលា