ភ្នំពេញ ៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ៖ រហូតមកដល់ ថ្ងៃអង្គារទី៣០ ខែមករា នេះ អ្នកចូលរួមអនុវត្តដោយផ្ទាល់ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅទូទាំងប្រទេស បានកើនឡើងជាង ៤ ៦១៦ ៩៦៨ អង្គ/នាក់។ យោងតាមទិន្នន័យស្រង់បានពីមន្រ្តីជំនាញ រយៈពេល៥ខែកន្លងមកនេះ នៅទូទាំងប្រទេសកម្ពុជា យុទ្ធនាការនេះ បានទទួលការចូលរួមចេញពីបេះដូង និងការអនុវត្តមិនប្រើថង់ប្លាស្ទិក យ៉ាងតិច០១ថ្ងៃ ក្នង០១សប្តាហ៍ របស់សិស្សានុសិស្សសរុបចំនួន ៤,០៨៥,៨៦០ នាក់ លោកគ្រូអ្នកគ្រូ សរុបចំនួន ១៧៨,៨២៧ នាក់ កម្មករកម្មការនី សរុបចំនួន ២៨៥០២៧ នាក់ និងអ្នកចូលរួមផ្សេងៗទៀត សរុបចំនួន ៤២៦,៤៣៤ អង្គ/នាក់ ដោយផ្សព្វផ្សាយសរុបបានចំនួន ១៤,៩៤៩លើក ក្នុងសាលារៀនសរុបចំនួន ១០,២៩៣ សាលា រោងចក្រចំនួន ៤១១ វត្តអារាម ៦៨ សហគមន៍ទីប្រជុំជនចំនួន ១៣៦ កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
មន្រ្តីនាំពាក្យបានបន្ថែមថា ក្នុងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ មានអ្នកចូលរួមអនុវត្តយុទ្ធនាការ»ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» សរុបចំនួន ៦៦,៨៤៦ អង្គ/នាក់ នៅក្នុងខេត្ត ចំនួន ១៨ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល ក្រចេះ មណ្ឌគិរី ភ្នំពេញ ព្រៃវែង ពោធិ៍សាត់ រតនគិរី ព្រះសីហនុ ស្វាយរៀង តាកែវ និងខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា ៖ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានចូលរួមអនុវត្តយ៉ាងផុសផុល នៅតាមសាលារៀនទាំង ៤៤ ដែលក្នុងនោះមានសិស្សសរុបចំនួនជាង ១,៨០០០នាក់ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ បន្ថែមពីនេះផងដែរ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក៏បានចាប់ផ្តើមបន្តចូលរួមអនុវត្ត នៅតាមបណ្តាសាលារៀន ក្នុងស្រុក និងខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ ហើយបានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ១ថ្ងៃ ក្នុង១សប្ដាហ៍ ឈានទៅឈប់ប្រើរាល់ថ្ងៃ ដើម្បីភាពស្រស់ស្អាត ផ្តើមចេញពីសាលារៀន នាំឱ្យសហគមន៍ស្អាត នឹងនាំឱ្យកម្ពុជាស្អាត សម្រាប់តទៅកូនចៅជំនាន់ក្រោយ។
មន្រ្តីនាំពាក្យក្រសួងបរិស្ថានរូបនេះ បានថ្លែងអំណរគុណក្នុងនាមក្រសួងបរិស្ថាន ដល់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តទាំងអស់ រួមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ អង្គការ ដៃគូអភិវឌ្ឍន៍មួយចំនួន ដែលបានសហការជាមួយក្រសួងបរិស្ថាន និងបានយកចិត្តទុកដាក់ចូលរួម និងជំរុញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក យ៉ាងផុសផុល និងទទួលបានជោគជ័យ គួរជាទីមោទនៈ។
លោក ខ្វៃ អាទិត្យា ជាថ្មីម្តងទៀត បានស្នើឱ្យមានការខិតខំបន្ថែមទៀត ជំរុញបណ្តាអាទិភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន រួមមាន៖ ស្អាត បៃតង និង ចីរភាព ដោយផ្ដោតជាពិសេសលើ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដើម្បីបណ្តុះផ្នត់គំនិតនៃភាពស្អាតចេញពីចិត្ត ពីគំនិត និងឥរិយាបទ ជួយដល់កម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត នាពេលខាងមុខ និងស្អាតយូរអង្វែងតទៅ។ ឯកឧត្តម ខ្វៃ អាទិត្យា បានអំពាវនាវបន្ថែមទៀត ឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការចោលសំរាមតាមទីសាធារណៈ ហើយបែរមកទុកដាក់ឱ្យបានត្រឹមត្រូវ ជាពិសេសអនុវត្តន៍វិធាន 4Rs (ការបដិសេធ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ) និងចូលរួមបញ្ឈប់ការប្រើថង់ប្លាស្ទិក១ដងបោះចោល និងឈានទៅលប់បំបាត់ការប្រើប្រាស់ទាំងស្រុង។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន នឹងបន្តទៅជំហានបន្ទាប់សម្រាប់ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ» ដែលទទួលបានប្រជាជនកម្ពុជា កន្លះប្រទេស បានចូលរួមអនុវត្ត មិនប្រើថង់ប្លាស្ទិក។ ជំហានទី២ នៃយុទ្ធនាការ គឺការចែកជូនធុងសំរាមទៅគ្រប់សាលារៀន និងវត្តអារាម ដែលអាចញែកសំរាម កន្លែងដាក់សំរាមសំណល់រឹង ប្លាស្ទិក សំរាមសម្រាប់កែច្ឆៃសម្រាប់ធ្វើជីជាដើម។ ជំហានបន្ទាប់នេះ គឺការសំអាតបរិស្ថាន ដែលផ្តោតលើការសំអាតសំណល់ ប្លាស្ទិក នៅលើដី និងនៅក្នុងទឹក និងសំអាតខ្យល់លើអាកាស។ ដោយឡែកជំហានទី៣ គឺដែលការដាក់ចេញ ក្នុងការជំរុញការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ភាពស្រស់ស្អាតរបស់កម្ពុជា គ្មានការបំពុល និងឈានទៅការលប់បំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគត៕
ដោយ ៖ សិលា