ព័ត៌មានទាន់ហេតុការណ៍៖

ផេក Facebook ឈ្មោះថា «ឧបករណ៍បាញ់សុទ្ធពិតៗ…គុណភាពខ្ពស់» ផ្សព្វផ្សាយលក់ជំពាមកៅស៊ូ អាវុធប្រើខ្យល់ , ហាក់លើកទឹកចិត្តឱ្យមានការប្រព្រឹត្តបទល្មើសក្នុងសង្គម ជំនាញពាក់ព័ន្ធគួរមានវិធានការ

ចែករំលែក៖

ភ្នំពេញ ៖ បើយើងមើលមួយភ្លែត អាចសន្មត់ថា ៖ ជាការផ្សព្វផ្សាយលក់ផលិតផល ធម្មតា ជារបស់ក្មេងលេង ជាឧបករណ៍ប្រើប្រាស់កំដរភាព អផ្សុក ។ ប៉ុន្តែបើសិក្សាឱ្យសុីជម្រៅ អាចវាយតម្លៃបានថា ៖ ផេក Facebook ឈ្មោះថា «ឧបករណ៍បាញ់សុទ្ធពិតៗ…គុណភាពខ្ពស់» ផ្សព្វផ្សាយលក់ជំពាមកៅស៊ូ អាវុធប្រើខ្យល់ , ហាក់លើកទឹកចិត្តឱ្យមានការប្រព្រឹត្តបទល្មើសក្នុងសង្គម ហេតុដូច្នេះជំនាញពាក់ព័ន្ធគួរមាន វិធានការ ទប់ស្កាត់ ការពារ លុបបំបាត់ អនុវត្តផ្លូវច្បាប់ ព្រោះឧបករណ៍ទាំងនោះ មានកម្លាំងខ្លាំង បាញ់សត្វព្រៃបានគ្រប់ប្រភេទ ឈានដល់សត្វជ្រូកព្រៃទាំងហ្វូង នេះហើយជាចេតនាទុច្ចរិត លើកទឹកចិត្តឱ្យមានការប្រព្រឹត្តបទល្មើសក្នុងសង្គម មិនត្រឹមបរបាញ់សត្វព្រៃទេ គឺអាចជាមធ្យោបាយ អាវុធបង្កអសន្តិសុខសង្គម ប្រសិនបើមើលស្រាលក្នុងបញ្ហានេះ ខណះម្ចាស់ផេក មានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ពីរបៀបប្រើ ហើយ អាចសម្លាប់សត្វបានគ្រប់ប្រភេទ លើដី អាកាស ក្នុងទឹក បាញ់ជាក់ស្តែង ដូចជាការប្រើប្រាស់អាវុធទៅហើយ។ 

ផេក Facebook ឈ្មោះថា «ឧបករណ៍បាញ់សុទ្ធពិតៗ…គុណភាពខ្ពស់» បានផ្សព្វផ្សាយថា ៖  ប្រដាប់ប្រដាក្មេងលេងត្រលប់មកវិញជាមួយនឹងកំណែដែលបានធ្វើឱ្យប្រសើរឡើង វាយគ្រប់គោលដៅដោយមិនគិតពីដីឬទឹក។

ដល់ទៅ ៩០ ម៉ែត្រ – ធន់ខ្លាំង – ងាយស្រួលប្រើ

បញ្ជាទិញឥឡូវនេះ ….! 

ថ្ងៃនេះតែប៉ុណ្ណោះ៖ ផ្តល់អំណោយជាមួយបំពង់មើលឡាស៊ែរដ៏ប្រណិត និងខ្សែកៅស៊ូយឺតចំនួន ២ ។

– យន្តការច្បាប់ មិនបំពានច្បាប់

– ងាយស្រួល ក្នុង ការ ផ្គុំ រចនា ដោយ មាន សេចក្តី ណែនាំ ការ ដំឡើង ជាក់លាក់ 

– ឧបករណ៍បំលែងដែកអ៊ីណុក – ធ្វើដោយដៃ

– បំពង់មើលជួយដល់គោលដៅរហូតដល់ ៩០ ម៉ែត្រ 

– ខ្សែកៅស៊ូប្រភេទយឺតខ្លាំង កម្លាំងខ្លាំងជាងខ្សែដៃធម្មតា ៣ ដង

– សម្រាប់តែអតិថិជន ៩៩ នាក់ដែលលឿនបំផុតប៉ុណ្ណោះ។

– បញ្ចុះតម្លៃ ៥០% – ធានា ១ ឆ្នាំ – ដឹកជញ្ជូនឥតគិតថ្លៃ ទិញឥឡូវនេះ ! 

សូមបញ្ជាក់ថា ៖ ធាតុពិត គេអាចជាវជំពាមកៅស៊ូនោះ ជាឧបករណ៍រួមផ្សំ ជាមធ្យោបាយ បាញ់សត្វគ្រប់ប្រភេទ តូច ធំ ទាំងលើលំហរអាកាស លើដើមឈើ លើដី ក្នុងទឹក មានកម្លាំងខ្លាំង ដែលអាចសន្មតបានថា ៖ នេះជាមធ្យោបាយ ដូចអាវុធ ដែលអាចប្រពឹត្តបទល្មើសក្នុងសង្គម ។ 

គេនៅចាំថា ៖ ក្រសួងបរិស្ថានបានបញ្ជាក់លើផេកផ្លូវការហើយ បង្ហាញ កាលពីប៉ុន្មានឆ្នាំមុនគឺជាអាវុធកែច្នៃដែលជនល្មើសបានប្រេីប្រាស់ ហើយត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្សបង្ក្រាបនិងដកហូតយកបានក្នុងពេលបង្ក្រាបចាប់រណាយន្តត្រង់តឺន័រនាពេលថ្មីៗនេះនៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃព្រឡង់។ 

ក្រសួងបរិស្ថានបញ្ជាក់ថា ៖ សម្ភារៈអាវុធកែចៃ្នទាំងនេះមេីលទៅគួរឱ្យញាក់សាច់ ព្រឺខា្លច ពិសេសក្បាលព្រួញ ប្រៀបដូចកូនក្បាលគ្រាប់ មីសុីល ។ នេះជាការព្រួយបារម្ភរបស់មន្ត្រីឧទ្យានុរក្ស ទោះបីមានអាវុធកាន់នៅនឹងដៃ តែមិនហ៊ានបាញ់ទេ តែជនល្មើសហ៊ានបាញ់តបតជាមួយមន្ត្រីយើងគ្រប់ពេលដែលយេីងខ្វះការប្រុងប្រយ័ត្ន ពិសេសនៅពេលយប់ ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមជាមួយមន្ត្រីឧទ្យានុរក្សដើម្បីទប់ស្កាត់ និងបង្ក្រានបទល្មើសគ្រប់ប្រភេទនៅក្នុងដែនជម្រកសត្វព្រៃឡង់។ ក្នុងផេកក្រសួងបរិស្ថានក៏បានបង្ហាញ ភស្តុតាង នៃអាវុធកែច្នៃទាំងនោះ រហូតដល់ចាត់ទុកថា ៖ «សម្ភារៈអាវុធកែចៃ្នទាំងនេះមេីលទៅគួរឱ្យញាក់សាច់ព្រឺខា្លច ពិសេសក្បាលព្រួញ ប្រៀបដូចកូនក្បាលគ្រាប់ មីសុីល »។ 

នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ជាមួយ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន មិនទាន់ធ្វើការបកស្រាយនៅឡើយ។ ប៉ុន្តែ លោកបណ្ឌិត សុខ សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ៖ «ចាំមើលខ្ញុំពិនិត្យលើទិដ្ឋភាពច្បាប់មួយជំហ៊ានសិន គឺមើលច្បាប់ស្តីពី គ្រប់គ្រងអាវុធជាតិផ្ទុះ ។ ប៉ុន្តែនេះអ្វីដែលខ្ញុំតែងតែមានការព្រួយបារម្ភ ហើយមានការលើកយោបល់ផ្សេងៗតាំងពី ជាអ្នកផ្តល់ប្រឹក្សាច្បាប់ទម្លាប់ គឺថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកក៏បានលើកឡើងក្នុងរឿងហ្នឹងដែរ ដើម្បីគ្រប់គ្រងអាវុធជាតិផ្ទុះ ឬក៏អាវុធផ្សេងៗដែលឈានទៅដល់ការបង្ក ជាហានីភ័យ អន្តរាយដល់កម្រិតខ្ពស់ណាមួយនោះ ហើយក៏កំពុងពិនិត្យទិដ្ឋភាពច្បាប់ទាំងអស់ហ្នឹង ។ »

សូមជម្រាបជូនថា ៖ នាយករដ្ឋមន្ត្រីសម្ដេចអធិបតីហ៊ុនម៉ាណែតបានបញ្ជាឲ្យបិទទីលានបាញ់កាំភ្លើងឯកជនទាំងអស់នៅក្នុងខេត្តព្រះសីហនុ ដោយជំរុញឲ្យអ្នកទេសចរណ៍មកកាន់ខេត្តនេះធ្វើដំណើរកម្សាន្តតាមទីតាំងទេសចរណ៍នានាក្នុងខេត្តវិញ។ 

សម្ដេចធិបតីលើកឡើងក្នុងពិធីប្រកាសអនុវត្តន៍កម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០២៤នេះ នៅខេត្តព្រះសីហនុថា៖ «ក្លឹបឯកជនតែបើកមានសិទ្ធិទិញកាំភ្លើងទិញគ្រាប់។ ទិញទៅណាហើយមកពីណា? ចឹងមិនបាច់ទេ! សូមទៅដើរលេងតាមកោះវិញ»។

ក្រៅពីនេះសម្ដេចក៏បញ្ជាឲ្យឈប់ឲ្យចេញអាជ្ញាប័ណ្ណកន្លែងបាញ់កាំភ្លើងឯកជនបន្ថែមទៀតនៅទូទាំងប្រទេស ខណៈអាជ្ញាធរនឹងចុះត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពទីតាំងដែលបានបើករួចហើយផងដែរ។ ដោយឡែកកាលពីម្សិលមុិញ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានឃើញបណ្ដាញប្រព័ន្ធព័ត៌មានសង្គម បង្ហោះអំពីសកម្មភាពបាញ់សត្វ (សត្វកុក) បុគ្គលដែលបាញ់សត្វកុកនោះ ពាក់អាវយឺតពណ៌ត្រេអ៉ី ដែលមានអក្សរពីខាងក្រោយ “អ.ហ” ជិះរថយន្ដមួយគ្រឿង ម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-7290 និងមានស្លាកសញ្ញាសម្គាល់រថយន្តចេញចូលទីបញ្ជាការ “អ.ហ”។

ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមអនុញ្ញាតគោរពជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានជ្រាបថា បុគ្គលនោះឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ។ អនុវត្តតាមការដឹកនាំរបស់  នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ។

សូមគោរពជូនជ្រាបជាព័ត៌មាន។ សូមគោរពអរគុណ ។

ជុំវិញបញ្ហានេះ ! សង្ឃឹមថា ៖ ជំនាញ សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ សិក្សាពីទិដ្ឋភាពច្បាប់ផង តើបន្តអនុញ្ញាតឱ្យ ម្ចាស់ ផេក Facebook ឈ្មោះថា «ឧបករណ៍បាញ់សុទ្ធពិតៗ…គុណភាពខ្ពស់» ផ្សព្វផ្សាយលក់ជំពាមកៅស៊ូ អាវុធប្រើខ្យល់ , ហាក់លើកទឹកចិត្តឱ្យមានការប្រព្រឹត្តបទល្មើសក្នុងសង្គម ឬមួយយ៉ាងណា ? ៕ 

ដោយ ៖ មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»


ចែករំលែក៖