ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្ត ព្រះវិហារ ស្រាវជ្រាវឃាត់ខ្លួនជនជាតិចិន៨ នាក់ ពីបទលួចឆ្លងដែនខុសច្បាប់ នៅចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិកំពង់ស្រឡៅ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោកគីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព ខេត្តព្រះវិហារ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ១០៥ នៃស្នងការដ្ឋាននគរបាលខេត្ត ព្រះវិហារ បានចុះស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនជាតិចិន៨ នាក់ ពីបទលួចឆ្លងដែនចូលដោយខុស ច្បាប់ នៅត្រង់ចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិកំពុងស្រឡៅ ឃុំកំពុងស្រឡៅមួយ ស្រុកឆែបខេត្តព្រះវិហារ ។

យោងតាមចម្លើយ ជនជាតិចិនខាងលើ ពួកគេបានលួចឆ្លងដែនចូលមកប្រទេសកម្ពុជា តាមព្រំដែនទឹកប្រទេសឡាវនិងកម្ពុជាដោយប្រើប្រាស់មធ្យោបាយទូក ក្នុងគោលបំណងដើម្បីស្វែងរកការងារធ្វើនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។ មុនចូលមកប្រទេសកម្ពុជា ជន ជាតិចិនទាំងអស់ខាងលើបានស្នាក់នៅនិងធ្វើការងារនៅប្រទេសឡាវ។

ក្នុងការទាក់ទងចូលមកប្រទេសកម្ពុជាតាមរយៈប្រព័ន្ធបណ្ដាញសង្គម និងតាមរយៈការណែនាំរបស់មិត្តភក្កិជាជនជាតិចិនដែលស្នាក់នៅប្រទេសឡាវជាមួយគ្នា ជាអ្នករៀបចំមធ្យោបាយធ្វើដំណើរពីព្រំដែនប្រទេសឡាវ រហូត ដល់គោលដៅដែលត្រូវធ្វើការនៅប្រទេសកម្ពុជា។ រីឯការចំណាយគឺដល់គោលដៅ ទើបទូទាត់ជាមួយអ្នកដែលរៀបចំឲ្យ ។

បច្ចុប្បន្នជនជាតិចិនទាំង៨នាក់ ខាងលើត្រូវបាននាំខ្លួនមកស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីសាកសួរនិងកសាងសំណុំរឿងដើម្បីបន្តនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖