ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តី​ជំនាញ​ បន្តចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់រថយន្តដែលបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន០៣គ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការ​ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី០១​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះថា​ រថយន្តដែលបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន០៣គ្រឿង​ ត្រូវ​បានសមត្ថកិច្ច​ចម្រុះ​ខណ្ឌ​ បន្តចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងបានឃាត់រថយន្តទាំងនោះ​ឱ្យដោះចេញដោយខ្លួនឯង។ 

លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ បានឱ្យដឹងទៀតថា​ ជាក់ស្ដែង​នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង​ បានធ្វើការឃាត់រថយន្តបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេស ហើយសមត្ថកិច្ចបានឱ្យម្ចាស់រថយន្តដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់។ 

គួរជម្រាបជូនថា​ ក្នុងករណីនេះដែរ លោកស្នងការ ក៏បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទាំង១៤ខណ្ឌ និងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ត្រូវត្រួតពិនិត្យ និងចាត់វិធានការចំពោះអ្នកដែលបំពាក់ និងកែច្នៃអំពូលភ្លើង ឧបករណ៍ ខុសលក្ខណៈបច្ចេកទេសខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់អ្នកដទៃ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ៕

ដោយ​៖ តារា​


ចែករំលែក៖