ភ្នំពេញ៖ លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា រថយន្តដែលបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន០៣គ្រឿង ត្រូវបានសមត្ថកិច្ចចម្រុះខណ្ឌ បន្តចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងបានឃាត់រថយន្តទាំងនោះឱ្យដោះចេញដោយខ្លួនឯង។
លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ បានឱ្យដឹងទៀតថា ជាក់ស្ដែងនៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង បានធ្វើការឃាត់រថយន្តបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេស ហើយសមត្ថកិច្ចបានឱ្យម្ចាស់រថយន្តដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់។
គួរជម្រាបជូនថា ក្នុងករណីនេះដែរ លោកស្នងការ ក៏បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទាំង១៤ខណ្ឌ និងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ត្រូវត្រួតពិនិត្យ និងចាត់វិធានការចំពោះអ្នកដែលបំពាក់ និងកែច្នៃអំពូលភ្លើង ឧបករណ៍ ខុសលក្ខណៈបច្ចេកទេសខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់អ្នកដទៃ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ៕
ដោយ៖ តារា