អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានចេញសេចក្តីព្រមានមួយ បន្ទាប់ពីសម្ព័ន្ធមិត្តយោធាណាតូ បានប្រកាសបើកសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតចាប់តាំងពីសង្គ្រាមត្រជាក់មក។
យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ដែលធ្វើអត្ថាធិប្បាយលើសមយុទ្ធ “អ្នកការពារដ៏រឹងមាំ 2024” របស់ណាតូ លោក មេដវេដេវ បាននិយាយថា នេះគឺជាទង្វើដ៏គ្រោះថ្នាក់បំផុតនៃ “ការលេងជាមួយភ្លើង” ។
លោក Medvedev បានប្រកាសថា “យើងមិនមានគម្រោងវាយប្រហាររដ្ឋសមាជិកណាមួយនៅក្នុងអង្គការណាតូទេ។ នេះគឺច្បាស់ណាស់ចំពោះអ្នកសមហេតុផលទាំងអស់នៅលោកខាងលិច។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពួកគេបំពានលើបូរណភាពរបស់រុស្ស៊ី ពួកគេនឹងទទួលការឆ្លើយតបដ៏សមស្របភ្លាមៗ” ។
យោងតាមលោក Medvedev ការឆ្លើយតបរបស់រុស្ស៊ីមានន័យថា “សង្រ្គាមដ៏ធំមួយដែលណាតូមិនអាចជៀសវាងបាន” ។
នេះជាការព្រមានចុងក្រោយបំផុតដែលចេញដោយអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Medvedev ប្រឆាំងនឹងណាតូ។ នៅខែសីហាឆ្នាំ 2023 លោក Medvedev បាននិយាយថា “NATO ទាំងមូលស្ទើរតែប្រឈមមុខជាមួយរុស្ស៊ីដោយបើកចំហ។
នៅខែធ្នូ ឆ្នាំ 2023 លោក Medvedev បានព្រមានអំពីជម្លោះដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ។ លោក Medvedev បាននិយាយដោយសំដៅទៅលើវិបត្តិឆ្នាំ 1962 ថា “មិនដែលចាប់តាំងពីវិបត្តិកាំជ្រួចគុយបាមានការគំរាមកំហែងនៃជម្លោះផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូដែលនាំឱ្យសង្គ្រាមលោកលើកទី 3 ក្លាយជាការពិតដូច្នេះទេ” ៕ ដោយ៖ ធីរីណា
រូបថត៖ Tass