ភ្នំពេញ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចរបស់រាជរដ្ធាភិបាល ស្ដីពីការ ចាត់តាំងសមាសភាពក្រុមការងារ រាជរដ្ឋាភិបាលចុះជួយ មូលដា្ឋន រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា និងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដា្ឋនរាជធានីភ្នំពេញ នៅសាលមហោស្រពចេនឡា នៃមជ្ឈមណ្ឌលវប្បធម៌ភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាង លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ. បានបញ្ជាក់ថា៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន បានបង្កើតឡើងក្នុងឆ្នាំ២០១៤ និងបានបន្ត និរន្តរភាពសម្រាប់នីតិកាលទី៦ ព្រមទាំងបន្តអនុវត្តសម្រាប់នីតិ កាលទី៧ នេះ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយពីរដ្ឋបាល ថ្នាក់ក្រោមជាតិ និងស្វែងយល់អំពីតម្រូវការ បញ្ហាប្រឈម និងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ក្នុងគោលបំណងធ្វើឱ្យ មានភាពឆ្លើយតបក្នុងយុទ្ធសាស្ត្រដឹកនាំ និងធ្វើឱ្យមានសង្គតិភាពរវាងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
តាមរយៈកិច្ចប្រជុំ និងការរៀបចំវេទិកាសាធារណៈ នៅតាមបណ្តាខណ្ឌ-សង្កាត់ ទូទាំងរាជធានីភ្នំពេញ ក្រុមការងារបានខិតខំប្រមែប្រមូលព័ត៌មាន ស្វែងយល់អំពីតម្រូវការ សំណូមពរ និងសម្របសម្រួលដោះស្រាយបញ្ហា ប្រឈមជាច្រើន ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយសម្រេចបានលទ្ធផលជាផ្លែផ្កា ។ ពិសេសគឺការដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ ដោយភាពស្មោះត្រង់ និងតម្លាភាពធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿជឿជាក់មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋាននៅរាជធានីភ្នំពេញ មិនអាចកាត់ផ្តាច់ចេញពីការចូលរួមសហការគាំទ្រ ពីសំណាក់ក្រសួង-ស្ថាប័ន ថ្នាក់ជាតិ ក្រុមប្រឹក្សា គណៈអភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរ- អង្គភាពជំនាញ ដែល បានចូលរួមយ៉ាងសកម្ម ក្នុងការចុះបំពេញការងារជូនប្រជាពលរដ្ឋ។
លោក កើត ឆែ ក៏បានស្នើឱ្យមានការចូលរួមអនុវត្តការងាររបស់រាជរដ្ឋាភិបាលឲឱ្យកាន់តែល្អប្រសើរ ខណៈសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត បានផ្ដល់នូវភាពងាយ ស្រួល ទៅលើការប្រើប្រាស់នមធ្យោបាយសរុបកម្លាំងសរុប ដើម្បីដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា និងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដា្ឋនរាជធានីភ្នំពេញ បានបញ្ជាក់ថា៖
ខ្ញុំស្នើឱ្យក្រុមការងារថ្នាក់ជាតិទាំងថ្មី និងចាស់ ត្រូវបន្ដរួមសហការគ្នា ដើម្បីជ្រោមជ្រែងការងារនេះឱ្យ ទទួលបានលទ្ធផលកាន់តែល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត។ សម្រាប់ក្រុមការងារដាច់ខាតត្រូវតែស្គាល់ពីតួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ ទើបយើងអាចបម្រើប្រជាពលរដ្ឋបានល្អនិងចំទិសដៅ។
លោក ក៏បាន ជំរុញឱ្យ ក្រុមការងារផ្សព្វផ្សាយពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលដើម្បីឲ្យប្រជាពលរដ្ឋជ្រួតជ្រាបនិងជឿទុកចិត្តមកលើរាជរដ្ឋាភិបាលរបស់យើង។
ការដោះស្រាយ បញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ ក្រុមការងារ មិនមានសិទ្ធិសម្រេច ជំនួស ក្រសួង ស្ថាប័នជំនាញនោះទេ។ យើងមានសិទ្ធិត្រឹមសម្របសម្រួលជាមួយនឹងក្រសួងស្ថាប័នទាំងនេះក្នុងដោះស្រាយជូនប្រជាពលរដ្ឋ។ ខណ្ឌទាំង១៤ត្រូវសហការគាំទ្រគ្នា ដើម្បីអនុវត្តការងារនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ តាមរយៈការរៀបចំជាវេទិកាសាធារណៈដើម្បីស្ដាប់សំណើរ សំណូមពររបស់ប្រជាពល រដ្ឋ។ ដឹងឮពីការចង់បានរបស់ប្រជាពលរដ្ឋហើយ មិនដោះស្រាយជូនពួកគាត់ វាជាកំហុសដ៏ធំមួយ។ ដូច្នេះរាល់សំណូមពរសំណើរបស់ប្រជាពលរដ្ឋ ត្រូវតែធ្វើការដោះស្រាយជូនពួកគាត់។ បន្តជំរុញការអនុវត្តភូមិសង្កាត់ឱ្យមានសុវត្ថិភាព។ប្រទេសកម្ពុជា បើអសន្តិសុខ គឺពិបាកនឹងទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាអ្នកវិនិយោគទុនអោយគេមកវិនិយោគ រកស៊ីនៅកម្ពុជាណាស់។ ការជឿទុកចិត្តពីបរទេស បានធ្វើឲ្យកម្ពុជា ទាក់ទាញការវិនិយោគបានយ៉ាងច្រើន ដោយថ្មីៗនេះ មានក្រុមហ៊ុនចំនួនពីរគ្រោងនឹងមកវិនិយោគនៅកម្ពុជា ដែលមានទឹកប្រាក់ប្រមាណជាង៤០០០លានដុល្លារសហរដ្ឋអាមេរិក។អ្វីដែលជាការចង់បានរបស់រាជរដ្ឋាភិបាលនោះគឺការជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស លើជំនាញវិជ្ជាជីវៈចំពោះកូន ចៅប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រខ្វះខាត ដោយរាជរដ្ឋាភិបាលបានជំរុញឲ្យមានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះរហូតដល់១លានប្រាំសែននាក់ ដោយមិនយកប្រាក់ជាមួយការឧបត្ថមប្រាក់សិក្សាប្រចាំខែផងដែរ។
លោក ក៏ស្នើឱ្យក្រុមការងារទាំង១៤ខណ្ឌ ត្រូវបន្ដ ផ្សព្វផ្សាយនិងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតបានទៅ សិក្សារៀនសូត្រពីជំនាញវិជ្ជាជីវៈនេះ ដើម្បីពួកគាត់អាចយកចំណេះវិជ្ជានេះ ទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ខ្លួនឯងផង គ្រួសារផង ក៏ដូចជាសង្គមជាតិ។ បើកម្ពុជាមិនមានធនធានមនុស្សគ្រប់គ្រាន់ការវិនិយោគ ក៏មានការពិបាកផងដែរ៕
ដោយ ៖ សំរិត