ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋរាយការណ៍ប្រាប់ថាៈកាលពីយប់ថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ មានជនឆ្លៀតឱកាសបានបាញ់បោះសេរីក្នុងពេលចូលឆ្នាំចិនវៀតណាម ដោយគេមានការសង្ស័យថា ក្រុមដែលបាញ់បោះសេរីនោះប្រហែលជាពួកផឹកស៊ីស្រវឹងរួចហើយបានបាញ់បន្លំជាមួយស្នូរដុតផាវនៅក្បែរៗនោះ។
ពលរដ្ឋបានបញ្ជាក់ថាៈ ការណ៍ដែលប្រទះឃើញសំបកកាទុស្សគ្រាប់កាំភ្លើងនោះគឺនៅចម្ងាយប្រហែលជាង១០០ម៉ែត្រពីសាលាសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតដោយនៅត្រង់ចំណុចកើតហេតុជាកន្លែងស្ងាត់និងជាកន្លែងដែលគេកំពុងសាងសង់អគារ ខណៈពួកគាត់បានជិះម៉ូតូក៏ប្រទះឃើញហើយបានរើសយកដាក់ថង់មកបង្ហាញអ្នកសារព័ត៌មាននៅនឹងតុកាហ្វេដើម្បីឱ្យជួយរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញដើម្បីចុះស្រាវជ្រាវករណីខាងលើនេះ ហើយការប្រទះឃើញសំបកគ្រាប់នោះមានចំនួន១១គ្រាប់ឯណោះ។
សូមបញ្ជាក់ថាៈ នៅរដូវកាលចូលឆ្នាំចិនវៀតណាមកន្លងទៅនេះនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យលោកស្នងការខេត្តបន្ទាយមានជ័យបានចេញបទបញ្ជាដល់សមត្ថកិច្ចចុះហាមពលរដ្ឋដែលមានឈាមជ័រសែស្រឡាយចិនវៀតណាមមិនអនុញ្ញាតឱ្យដុតគ្រឿងផ្ទុះដូចជាផាវជាដើមដើម្បីការពារសុវត្តិភាពជូនពលរដ្ឋខ្លាចមានជនឆ្លៀតឱកាសយកពេលវេលាខាងលើប្លន់យកទ្រព្យសម្បត្តិពលរដ្ឋ ដោយប្រការណាមួយ ប៉ុន្តែពលរដ្ឋមួយចំនួនមិនបានស្ដាប់ការណែនាំរបស់សមត្ថកិច្ចនោះទេ គឺបន្តដុតផាវផ្ទុះពេញក្រុងក្នុងឱកាសចូលឆ្នាំចិន វៀតណាមនេះផងដែរ។
ជុំវិញករណីពលរដ្ឋប្រទះឃើញសំបកគ្រាប់កាំភ្លើងនេះដែរ លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿន លោកថាមិនមានករណីបាញ់បោះនោះទេ៕
ដោយ ៖ វណ្ណា