ព័ត៌មានទាន់ហេតុការណ៍៖

បើពិតជាអតីតជាចោរឆក់កាបូប ហើយបច្ចុប្បន្នជា មន្ត្រី​​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​​គោក​៧០១ ខណៈឪពុកជាស្នងការរង ទទួលបន្ទុកកិច្ចការនេះ នោះជារឿងមិនប្រក្រតីហើយ !

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក គណនីមួយមានឈ្មោះថា៖ (Reth Mony) បានបង្ហោះថា៖ ចោរឆក់កាបូប ហើយបច្ចុប្បន្នជា មន្ត្រី​​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​​គោក​៧០១ ខណៈឪពុកជាស្នងការរង ទទួលបន្ទុកកិច្ចការនេះ នោះជារឿងមិនប្រក្រតីហើយ ! 

ទោះបីជាមិនទាន់ទទួលការបកស្រាយណាមួយពីប្រធានអង្គភាពក៏ដោយ ចំពោះករណីនេះ លោកបណ្ឌិត ទូច សុឃ: អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»ថា ៖ «ចាំខ្ញុំទម្លាក់ករណីនេះឱ្យទៅអង្គភាពដើមរបស់គេពិនិត្យមើល និងសូមអរគុណច្រើន»។

សូមបញ្ជាក់ថា ៖ ក គណនី Facebook មួយមានឈ្មោះថា៖ (Reth Mony) បានបង្ហោះដោយសរសេរថា ៖ ចោរ​កូន​ស្នង​ការ​រង​ម្នាក់​បាន​ឪធ្វើ​​ជាខ្នង​ក្រាស់​ ពេល​នេះ​ក្លាយ​ជា​ប៉ូលិស​…

បន្តទៀតថា៖ សូមបញ្ជាក់ថា កាល​កំឡុង​ឆ្នាំ​២០១៣  បុគ្គល​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដែល​ជន​នេះ​ជា​មេខ្លោង​ចាត់តាំង​មុន​ពេល​ចេញ​ធ្វើ​សកម្មភាព តែ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ចុះ​បង្ក្រាប​បាន ក្នុង​អំពើ​ឆក់​-​ប្លន់​បាន​លាន់​កក្រើក​ខ្លាំង ។

គណនីដដែល បានលើកឡើងថា ៖ តាម​ការ​រំលឹក​ពី​សមត្ថកិច្ច​ក្នុង​លក្ខខណ្ឌ​សុំ​​​មិន​បញ្ចេញ​ឈ្មោះ​ថា​ បុគ្គលឈ្មោះ ចាន់ សុភ័ក្ត្រ បច្ចុប្បន្ន​ជា​មន្ត្រី​​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​​គោក​៧០១ ។ កាលពី​កំឡុង​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ​អនុវត្ត​ទោស​នៅ​ក្នុង​​ពន្ធនាគារ និង​ព្យួរ​ឱ្យ​នៅ​ក្រៅ​ឃុំ ពាក់ព័ន្ធ​ក្នុង​​ករណី​ឆក់​កាបូប​មាន​ស្ថាន​ទម្ងន់​ទោស (​ប្លន់​) ។ 

ប្រភព​ដដែល​បន្ត​ថា បុគ្គល​ឈ្មោះ ចាន់ សុ​ភ័ក្ត្រ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៣ ក្រោយ​មួយ​ថ្ងៃ បន្ទាប់​ពី​ចេញ​ធ្វើ​សកម្មភាព​ឆក់​កាបូប​អ្នក​ធ្វើ​ដំណើរ​បាន​ដោយ​សុវត្ថិភាព នៅ​ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​២០១៣ ។ 

ក្រោយ​ការ​ចាប់ខ្លួន​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​នាំ​ជនសង្ស័យ​ឈ្មោះ ចាន់ សុភ័ក្ត្រ ទៅ​បង្ហាញ​ទីតាំង​ដែល​ខ្លួន​យក​វត្ថុ​តាង​ឆក់​ពី​ជន​រង​គ្រោះ​ទៅ​ប្លុង​ចោល ស្ថិត​នៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។ 

គណនីនេះបានសរសេរថា ៖ ប្រភព​ព័ត៌មាន​មួយទៀត​ពី​មន្ត្រី​កងរាជ​អាវុធហត្ថ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា អង្គភាព​កងរាជអាវុធហត្ថ​ធ្លាប់​បាន​បដិសេធ បុគ្គល​រូប​នោះ​ក្នុង​ការ​ជ្រើសរើស​ចូល​បម្រើ​ការ​ងារ​ក្នុង​ក្រប​ខណ្ឌ​យោធិន​កងរាជអាវុធហត្ថ ដោយសារ​ស្រាវជ្រាវ​ទៅ​បុគ្គល​នោះ​មាន​ប្រវត្តិ ត្រូវ​ចាប់ខ្លួន​ដោយ​កម្លាំង​នគរបាល ពាក់ព័ន្ធ​នឹង​បទល្មើស ។ លុះ​ក្រោយមក​ក៏​ត្រូវ​បាន​ចូល​ជា​មន្ត្រី​នគរបាល​ស្ងាត់​ៗ ដោយ​ពុំ​ដឹង​ថា​ចូល​ប្រឡង​តាម​ក្រប​ខណ្ឌ​ស្របច្បាប់ ឬ​ចូល​បាន​តាម​ជើង​ខោ​អ្នក​ណា​មួយ​នោះ​ទេ ។ 

លោក ចាន់ សុ​ភ័ក្ត្រ មាន​ឋានៈ​អនុសេនីយ៍ត្រី​នៃ​កងកម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក ៧០១ គឺជា​កូនបង្កើត​របស់​លោក ចាន់ សុ​ផា ដែល​បច្ចុប្បន្ន​ជា​ស្នងការ​រង​ទទួល​ផែន​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​៧០១ ។

ករណី​នេះ​បញ្ជាក់​ថា ដោយសារ​ឪ​ធ្វើ​មេ​ប៉ូលិស ទោះបី​កូន​ធ្វើ​ក្រុ​ម​ចោរ​​ក៏​នៅ​តែ​មាន​សំណាង​ធំ​បាន​ធ្វើ​ប៉ូលិស​យ៉ាង​រំភើយក្រោម​បញ្ជា​ឪ​ដដែល​​ ។ 

សូមជម្រាបថា ៖ ករណីនេះរងចាំ លោកបណ្ឌិត ទូច សុឃ: អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ទទួលការបកស្រាយបែបណាពីសាមីអង្គភាពម្ចាស់គេ ដែលលោកបានដាក់ទៅសួរហើយនោះ៕ 

ដោយ ៖ សិលា


ចែករំលែក៖