ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃព្រហស្បតិ៍ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់។
សូមជម្រាបថា អគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូងដែលសម្ពោធនេះ ជាអគារបម្រើដល់ការសិក្សាថ្នាក់មហាវិទ្យាល័យ សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីផល។ អគារនេះសាងសង់លើដីទំហំ ៦ហិកតា។ ដំណើរការរៀបចំអភិវឌ្ឍទីតាំងនេះ មានរយៈពេល ៥ឆ្នាំ ដោយសម្រេចបានជំហានទី១ និងបានប្រើប្រាស់ថវិកាសរុបចំនួនជាង៦លានដុល្លារ ដោយរួមមានការរៀបចំអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និងផ្នែកទន់ ការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការថ្មី។
និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រមានចំនួន ៥,២៣២នាក់ នារី ៣,២១៧នាក់ ស្មើនឹង ៦១.៥ ភាគរយ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៥៨៧នាក់ នារី ២,៩៥៤នាក់ ស្មើនឹង ៦៤.៤ភាគរយ, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦៤២នាក់ នារី ២៦៣នាក់ ស្មើនឹង ៤០.៩ភាគរយ និងថ្នាក់បណ្ឌិតចំនួន ៣នាក់។
ក្នុងចំណោមនិស្សិតជ័យលាភីថ្ងៃនេះ និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រចំនួន ៩២.៣ភាគរយ, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៩៩.៥ភាគរយ និងថ្នាក់បណ្ឌិត ១០០ភាគរយ កំពុងមានការងារធ្វើរៀងៗខ្លួន ដោយឡែកថ្នាក់បរិញ្ញាបត្រចំនួន ៩២.៣ភាគរយ មានចំនួន ៧ភាគរយ បាននិងកំពុងធ្វើអាជីវកម្មដោយខ្លួនឯង។
សូមបញ្ជាក់ថា សាកលវិទ្យាល័យជាតិគ្រប់គ្រង បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំបណ្ដុះបណ្តាលធនធានមនុស្សសម្រាប់កម្ពុជាយ៉ាងសកម្ម ដោយចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៨៣ មកដល់ឆ្នាំសិក្សា២០២៣-២០២៤នេះ សរុបនិស្សិតបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យជាតិគ្រប់គ្រងមានចំនួន ៦១,៥៥៨នាក់ នារី ២៨,៤៩៧នាក់ ស្មើនឹង ៤៦.៣ភាគរយ។
បច្ចុប្បន្ន អតីតនិស្សិតទាំងនោះ បាននិងកំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និងស្ថាប័នអន្តរជាតិ ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានឧត្តមភាព សេចក្តីថ្លៃថ្នូរ និង កិត្តិយស។
បច្ចុប្បន្ននេះ សាកលវិទ្យាល័យកំពុងទទួលការបណ្តុះបណ្តាលនិស្សិត សរុបចំនួន ១៣,១៤៧ នាក់ នារី ៨,៣១៩នាក់ ស្មើនឹង ៦៣.៣ភាគរយ លើមុខជំនាញចំនួន២៣ ចែកចេញជា៣កម្រិត ក្នុងនោះថ្នាក់បរិញ្ញាបត្រ ចំនួន ១១,៨៨៣នាក់ នារី ៧,៧៨៩នាក់ ស្មើនឹង ៦៥.៥ ភាគរយ, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១,២៣៥នាក់ នារី ៥២៤នាក់ ស្មើនឹង ៤២.៤ ភាគរយ និងថ្នាក់បណ្ឌិត ចំនួន២៩នាក់ នារី ៦នាក់ ស្មើនឹង ២០.៦ភាគរយ ។
ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ សាកលវិទ្យាល័យជាតិគ្រប់គ្រងបានពង្រឹង និងពង្រីកសមត្ថភាពខ្លួន ឱ្យប្រែក្លាយជាសាកវិទ្យាល័យរដ្ឋឈានមុខ និងឈានចូលក្នុងក្របខណ្ឌអន្តរជាតិ៕
ដោយ៖ តារា