ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី​ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ របស់ក្រសួងពាណិជ្ជកម្ម

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី​ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី លោក លោកស្រី​រដ្ឋលេខាធិការ លោក​ លោកស្រី​អនុរដ្ឋលេខាធិការ​ លោកអគ្គនាយក លោកស្រី​អគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រី ប្រធាន និងអនុប្រធានមន្ទីររាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។ 

 កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖

(១)- របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារបុគ្គលិក និងកិច្ចការទូទៅ

(២)- របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារនាំចេញនាំចូល និងការងារតំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស

(៣)-របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារនាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ និងការងារនាយកដ្ឋានអឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិក

(៤)-របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារនាយកដ្ឋានកម្មសិទ្ធិបញ្ញា

(5)-បញ្ហាផ្សេងៗ។ 

គួរជម្រាបថា​ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំ «កម្មវិធីតេស្តសមត្ថភាពរបស់មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប.» ក្រោមគំនិតផ្តួចផ្តើមរបស់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ 

ថ្លែងក្នុងពិធីបើក លោក ផាន អូន បានលើកឡើងថា កម្មវិធីតេស្តសមត្ថភាពនេះគឺ ធ្វើឡើងក្នុងគោលបំណង វាស់ស្ទង់សមត្ថភាព (Self-evaluation) របស់មន្ត្រីគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រោយទទួលបានការបណ្តុះបណ្តាលអំពីច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ ជាច្រើនលើកដែលរៀបចំដោយអគ្គនាយកដ្ឋាន ក.ប.ប.។ 

ជាមួយគ្នានេះដែរ កម្មវិធីនេះក៏នឹងដើរតួជាយន្តការមួយក្នុងការឆ្លុះបញ្ចាំង (Reflection) ពីប្រសិទ្ធភាពនិងសក្តិសិទ្ធភាពនៃវគ្គបណ្តុះបណ្តាលលើទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិនានា ដែលអគ្គនាយកដ្ឋាន ក.ប.ប. បានរៀបចំនាពេលកន្លងទៅ។ ការធ្វើតេស្តសមត្ថភាពនេះនឹងក្លាយជាសូចនាករសម្រាប់អគ្គនាយកដ្ឋានក.ប.ប ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា នាពេលអនាគត ដោយផ្តោតសំខាន់លើកង្វះខាតនូវចំណេះដឹងត្រង់ផ្នែកជាក់លាក់ណាមួយ៕

ដោយ៖ តារា


ចែករំលែក៖