សារព័ត៌មាន Reuters បានដកស្រង់សម្តីប្រធានាធិបតី Emmanuel Macron ដែលបាននិយាយកាលពីថ្ងៃទី 16 ខែកុម្ភៈថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមិនមែនជាការហាមឃាត់សម្រាប់ប្រទេសបារាំងទៀតទេ។
“ដៃគូរបស់យើង ជាពិសេសហ្ស៊កដានី កំពុងធ្វើការដើម្បីសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ។ យើងត្រៀមខ្លួនជាស្រេចដើម្បីចូលរួមចំណែកក្នុងបញ្ហានេះនៅអឺរ៉ុបក៏ដូចជានៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សម្រាប់ប្រទេសបារាំង ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមិនមែនជាការហាមឃាត់នោះទេ»។
ការទទួលស្គាល់ឯកតោភាគីរបស់បារាំងមិនអាចផ្លាស់ប្តូរស្ថានភាពជាក់ស្តែងបានទេ ប្រសិនបើការចរចាមិនប្រព្រឹត្តទៅ ប៉ុន្តែនឹងមានអត្ថន័យការទូតនិងជានិមិត្តរូបដ៏អស្ចារ្យ។ អស់រយៈពេលជាយូរមកហើយ ប្រទេសនៅអឺរ៉ុបខាងលិចបានបដិសេធមិនទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋមួយ ដោយលើកហេតុផលថា ប៉ាឡេស្ទីន និងអុីស្រាអែលគួរតែអង្គុយចរចាគ្នាជុំវិញបញ្ហានេះ។
សេចក្តីថ្លែងការណ៍ចុងក្រោយរបស់លោក Macron បង្កើនសម្ពាធលើនាយករដ្ឋមន្ត្រីអុីស្រាអែល Benjamin Netanyahu ។ កាលពីចុងខែមុន រដ្ឋមន្ត្រីការបរទេសអង់គ្លេស David Cameron ក៏បាននិយាយពីលទ្ធភាពដែលប្រទេសកោះអ័ព្ទនេះទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដើម្បីជួយបញ្ចប់ជម្លោះបច្ចុប្បន្ន។ ប្រធានាធិបតីអាមេរិក Joe Biden កាលពីឆ្នាំមុនក៏បានស្នើឱ្យអាជ្ញាធរប៉ាឡេស្ទីន (PA) នៅតំបន់ West Bank ដើរតួនាទីខ្លះនៅក្នុង Gaza Strip ក្រោយសង្គ្រាម ដោយបង្កើតលក្ខខណ្ឌសម្រាប់ការបង្កើតរដ្ឋឯករាជ្យមួយ។
ដំណោះស្រាយរដ្ឋពីរត្រូវបាននាយករដ្ឋមន្ត្រី Netanyahu ច្រានចោលម្តងហើយម្តងទៀត។ លោកបានប្រកាសថា រដ្ឋប៉ាឡេស្ទីនមានជម្លោះជាមួយសន្តិសុខអុីស្រាអែល ហើយថានៅក្នុងកិច្ចព្រមព្រៀងណាមួយនាពេលខាងមុខ អុីស្រាអែលនឹងត្រូវគ្រប់គ្រងសន្តិសុខនៃទឹកដីទាំងមូលនៅភាគខាងលិចហ្ស៊កដានី៕ ដោយ៖ ធីរីណា
រូបថត៖ Reuters