ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលកំណត់ពេលវេលាវាយប្រហារទីក្រុង Rafah

ចែករំលែក៖

លោក Benny Gantz – សមាជិកនៃគណៈរដ្ឋមន្ត្រីសម័យសង្រ្គាមដែលបង្កើតឡើងដោយនាយករដ្ឋមន្ត្រីអុីស្រាអែល Benjamin Netanyahu អំឡុងពេលមានជម្លោះជាមួយក្រុម Hamas បានប្រកាសថាអុីស្រាអែលនឹងបើកប្រតិបត្តិការនៅ Rafah នៅខែក្រោយប្រសិនបើក្រុម Hamas មិនដោះលែងចំណាប់ខ្មាំងដែលនៅសល់បានឃុំខ្លួននៅ Gaza មុនពេលចាប់ផ្តើមនៃខែពិសិដ្ឋរ៉ាម៉ាដានដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី 10 ខែមីនា។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤បានផ្សាយថា លោក Benny Gantz ធ្វើការកត់សម្គាល់បែបនេះប្រាប់ថ្នាក់ដឹកនាំអាមេរិកដើមកំណើតជ្វីហ្វ ក្នុងទីក្រុងហ្ស៊េរុយសាឡិម កាលពីថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ។ លោក Gantz បានគូសបញ្ជាក់ដូច្នេះថា «ពិភពលោកត្រូវតែដឹង ហើយក្រុមហាម៉ាស់ក៏ត្រូវតែដឹងដូចគ្នាថា ប្រសិនបើនៅខែ Ramadan ចំណាប់ខ្មាំងរបស់យើងមិនត្រឡប់មកផ្ទះវិញទេ នោះការប្រយុទ្ធនឹងនៅតែបន្តគ្រប់ទីកន្លែង (ក្នុងតំបន់ហ្កាហ្សា) ក្នុងនោះរួមមានទាំងទីក្រុង Rafahផងដែរ»។
Ramadan ដែលជាខែដ៏ពិសិដ្ឋមួយសម្រាប់អ្នកកាន់សាសនាអ៊ិស្លាម អនុវត្តកាតព្វកិច្ចតមអាហារនៅពេលថ្ងៃ រយៈពេលមួយខែដែលត្រូវបានរំពឹងថាអាចនឹងចូលមកដល់ នៅថ្ងៃទី១០ ខែមីនាខាងមុខ។
រដ្ឋាភិបាលអ៉ីស្រាអែល កន្លងមក មិនបានកំណត់កាលបរិច្ឆេទជាក់លាក់ពីផែនការវាយលុកចូលទីក្រុង Rafah ជាទីដែលប្រជាជនប៉ាឡេស្ទីនជាង ១លាននាក់កំពុងរស់នៅ និងជ្រកកោនឡើយ។ ផែនការនេះកំពុងទទួលរងការរិះគន់ពីសំណាក់បណ្ដាប្រទេសជាច្រើន ខណៈអង្គការសហប្រជាជាតិព្រមានថាប្រតិបត្តិការយោធារបស់អ៉ីស្រាអែល ក្នុងទីក្រុងមួយនេះអាចនឹងបង្កទៅជាគ្រោះមហន្តរាយ។ តែទោះជាមានការរិះគន់ និងការដាក់សម្ពាធក្ដី ក៏លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានទទូចថា ជោគជ័យរបស់អ៉ីស្រាអែលក្នុងសង្រ្គាមប្រឆាំងក្រុមហាម៉ាស់ នឹងមិនអាចកើតឡើងទេ បើអ៉ីស្រាអែលមិនវាយលុកចូលក្នុងទីក្រុង Rafah។
ចំណែកលោកប្រធានាធិបតីអាមេរិក ចូ បៃដិនវិញក៏បានចេញមុខសម្តែងក្តីបារម្ភចំពោះផែនការវាយលុកទីក្រុង Rafah ផងដែរ ជាមួយការក្រើនរំឮកថាប្រតិបត្តិការយោធាមិនគួរធ្វើឡើងនោះទេ បើគ្មានផែនការការពារអាយុជីវិតជនស៊ីវិលទេនោះ។ ប៉ុន្តែ ខណៈបង្ហាញការព្រួយបារម្ភ នៅពីក្រោយឆាកឯណោះវិញរដ្ឋបាលលោក បៃដិន ត្រូវបាន កាសែតអាមេរិក Wall Street Journal រាយការណ៍ថានៅតែមានផែនការបន្តបញ្ជូនអាវុធឱ្យអ៉ីស្រាអែល៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN


ចែករំលែក៖