ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ត្រូវរួមគ្នាគិត រួមគ្នាធ្វើ ក្នុងការកម្ចាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅជំនាន់ក្រោយៗរបស់យើង

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ យើងត្រូវគិតគូរដើម្បីធានានូវអនាគតកូនចៅជំនាន់ក្រោយៗរបស់យើង និងសម្រាប់បរិស្ថាននៅក្នុងប្រទេសកម្ពុជា ដោយត្រូវរួមគ្នា គិត រួមគ្នាធ្វើ ក្នុងការកម្ចាត់បញ្ហាគ្រឿងញៀននេះឱ្យបាន ត្បិតបើយើងមិនធ្វើអ្វីសោះ នោះបញ្ហាគ្រឿងញៀននឹងរឹតតែមានភាពស្មុគស្មាញទៅថ្ងៃអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការយុទ្ធនាការលើកទី៩ ។

សម្តេចធិតបី បានថ្លែងបន្តថា ៖ កិច្ចការដែលយើងត្រូវធ្វើ គឺត្រូវប្រកបដោយចីរភាព មិនមែនធ្វើដូចការ «វែកចក» នោះទេ ព្រោះនៅពេលវែកចកចេញហើយ ចកបែរជាត្រឡប់មកព័ទ្ធយើងវិញដដែល ពោលគឺវែកមិនអស់នោះទេ។ ដូចនេះការដាក់ចេញនូវវិធានការផ្សេងៗពីមុន គឺយើងនៅបន្តធ្វើបន្ថែមទៀតនៅអាណត្តិទី៧ នេះ ដោយបញ្ចូលនូវក្របខ័ណ្ឌច្បាប់ ដោយត្រូវប្រើរយៈពេលយូរ និងភាពអំណត់ ធ្វើយ៉ាងណាកម្ចាត់ចកចេញឱ្យអស់ ឱ្យស្អាតពីបឹងរបស់យើង (សំដៅលើវិធានការច្បាប់ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន)។នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឲ្យពង្រីកការត្រួតពិនិត្យគ្រឿងញៀនទៅលើមន្ត្រីរាជការទាំងអស់នៅទូទាំងប្រទេស។

សម្ដេចបានថ្លែងថា៖  ដោយថាវិធានការថ្មីនេះនឹងពង្រីកទៅកាន់មន្ត្រីរាជការទូទាំងប្រទេស បន្ទាប់ពីបានពិនិត្យលើមន្ត្រីនគរបាល ទាហាន ឃើញមានប្រសិទ្ធភាព។ សម្ដេចថានេះគឺជាវិធីបោសសម្អាតផ្ទះឲ្យកាន់តែស្អាត។

សម្ដេចថា៖ «ខ្ញុំថាកាប់បន្លាកាប់អោយដាច់បើកាប់មិនដាច់វានឹងមុតយើង»។

សម្ដេចធិបតីបានលើកឡើងថា មន្ត្រីរាជការគឺជាមន្ត្រីគំរូ ហើយបើមន្ត្រីគំរូមានពាក់ព័ន្ធទៅនឹងគ្រឿងញៀនហើយមិនគួរទុកនៅក្នុងតួនាទីនោះទេ។

ក្រៅពីបណ្ដេញចេញពីតួនាទីហើយសម្ដេចក៏បានបញ្ជាទៅកាន់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងមុខងារសាធារណៈ ឱ្យមានវិធានការក្នុងការធានាថាមន្ត្រីដែលបានបណ្ដេញចេញពីការងារនឹងមិនអាចចូលទៅធ្វើការនៅកន្លែងណាមួយរបស់រដ្ឋទៀតនោះទេ៕

ដោយ ៖ សិលា


ចែករំលែក៖