ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកម្ពុជា និងប្រារព្ធទិវាជាតិយល់ដឹងអំពីមីន២៤ កុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍

ចែករំលែក៖

 ភ្នំពេញ ៖ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤…..

      រាជរដ្ឋាភិបាលកម្ពុជា និងប្រារព្ធទិវាជាតិយល់ដឹងអំពីមីន២៤ កុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍។ 

    នៅក្នុងសាលិខិតរបស់អាជ្ញាធរមីន ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា៖ ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៤ ក្រោមប្រធានបទ “រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍» ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានក្តីសោមនស្សរីករាយក្រៃលែង សូមថ្លែងនូវ សារលិខិតដើម្បីរំលឹកដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រង ផលប៉ះពាល់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើង ដោយសារគ្រាប់ទាំងនោះ។

     សង្គ្រាមបានបន្សល់នូវមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាលឱ្យ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបង្កនូវសោកនាដកម្មដ៏ឈឺចាប់ និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស។ ជាមួយនឹងការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្រោម នយោបាយ «ឈ្នះ ឈ្នះ» នៅចុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពដោះស្រាយនូវផលអវិជ្ជមានលើ គ្រប់វិស័យ។ ជាមួយគ្នានេះ សមិទ្ធផលសកម្មភាពមីន បានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

     គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៣ រយៈពេល៣១ឆ្នាំ កន្លងមក ផ្ទៃដីទំហំ ៣ ០២៤គីឡូម៉ែត្រការ៉េ ត្រូវបាន បោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម៧៦ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៥ភាគរយ និងផ្សេងៗ១៩ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយប្រជាពលរដ្ឋទទួលផលចំនួន ១១ ៩៨០ ១៧២នាក់។ មីនប្រឆាំងមនុស្សចំនួន ១ ១៧៩ ៣៦៥គ្រាប់ មីនប្រឆាំង រថក្រោះចំនួន ២៦ ៣៣៩គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន ៣ ១០៥ ៥៩៣គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។ ដោយឡែក នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ផ្ទៃដីចំនួន ៤៤៤គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបាន រកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ២៣ ៩៤៦គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២០៤គ្រាប់ និងគ្រាប់ មិនទាន់ផ្ទុះចំនួន ៦៦ ៣៧៤គ្រាប់។ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៣២នាក់ ៕

ដោយសំរិត


ចែករំលែក៖