ភ្នំពេញ៖ យោងតាមខុទ្ទកាល័យសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា សូមចូលរួមអបអរសាទរលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា។
នៅក្នុងសារលិខិតរបស់កាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នាជាមន្រ្តី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា មានកិត្តិយស និងមានសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមសម្តែងនូវអំណរសាទរ ប្រកបដោយមោទនភាពបំផុត ចំពោះ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា ដែលគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ នាមាភិធេយ្យកិត្តិយសជាន់ខ្ពស់ក្នុងព្រះពុទ្ធសាសនា ជូន លោកស្រីបណ្ឌិត ក្នុងឋានៈជា «អភិសិរីបវរពុទ្ធសាសនូបការធរជោតិកា»។
ការប្រគល់ នាមាភិធេយ្យកិត្តិយសជាន់ខ្ពស់ក្នុងព្រះពុទ្ធសាសនា ក្នុងឋានៈជា អភិសិរីបវរពុទ្ធសាសនូបការធរជោតិកា ដ៏ឧត្តុង្គឧត្តមនេះ ជូន លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ គឺពិតជាស័ក្តិសមបំផុត និងគុណបំណាច់ដ៏ធំធេង ចំពោះ លោកស្រីបណ្ឌិត ដែលជានិច្ចកាលតែងតែទ្រទ្រង់នូវគុណវុឌ្ឍិដ៏ប្រសើរថ្លៃថ្លា ហើយបានបំពេញនូវហិតានុហិតប្រយោជន៍ដ៏ឧត្តមក្នុងព្រះពុទ្ធសាសនា និងសង្គមជាតិ ដើម្បីសុខសន្តិភាពដល់មនុស្សជាតិជារួម និងជាពិសេសប្រជាជនកម្ពុជា។
ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា នៃអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំគ្រងរក្សា លោកស្រីបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ និងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ព្រមទាំង បុត្រី បុត្រា ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ខាងក្រោមនេះជាសារលិខិតរបស់កាកបាទក្រហមកម្ពុជា៖
ដោយ៖ តារា