ភ្នំពេញ ៖ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងសមត្តកិច្ចការិយាល័យនគរ បាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ បានសហការជាមួយនគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនពាណិជ្ជករ២ នាក់ ប្តីជាជនជាតិកូរ៉េ និងប្រពន្ធជនជាតិខ្មែរ នៅចំណុចបន្ទប់ជួលភូមិ១ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ដោយជាប់ពាក់ព័ន្ធពីបទ.រំលោភលើទំនុកចិត្ត ដែលមានទំហំទឹកប្រាក់ប្រមាណ១ លានដុល្លារអាមេរិក ។
បុរសជាប្តីមានឈ្មោះ CHO YUN HO អាយុ៤៧ ឆ្នាំ ជនជាតិកូរ៉េ និងប្រពន្ធឈ្មោះ ឆេង ណារី អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នករកស៊ី មានទីលំនៅភូមិត្រពាំងធំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១០៨៦និង ១០៨៧.ដ.ច.នចុះថ្ងៃទី៦ខែ តុលាឆ្នាំ ២០២៣ ចេញដោយលោក តាំង ស៊ុនឡាយ (កាលនៅជាប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ) ដែលប្តីប្រពន្ធទាំង២ នាក់នោះជាប់ពាក់ព័ន្ធពីបទ.រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។ ក្រោយចាប់ខ្លួនប្តីប្រពន្ធទាំងពីរនាក់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលសំណុំរឿងនោះបានស្ថិតនៅលោក លឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរចាត់ការបន្ត តាមនីតិវិធី ៕
ករណីដាច់ដោយឡែកមួយទៀត កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ជនជាតិកូរ៉េជួញដូរគ្រឿងញៀនជិត ៣គីឡូក្រាម ត្រូវបានចោទប្រកាន់ ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូន សាធារណៈជនមេត្តាជ្រាបថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៩ និង២០ នាទី កម្លាំងសមត្តកិច្ចនាយកដ្ឋានចារកម្ម បានសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបង្រ្កាបករណីគ្រឿងញៀន ដោយបានឆែកឆេរបន្ទប់ចំនួន៤ ក្នុងអគារខុនដូរមួយកន្លែងស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ លទ្ធផលសមត្ថកិច្ចបានរកឃើញថ្នាំញៀន និងដកហូតពីបន្ទប់ទាំង៤នេះ មានទម្ងន់សរុប ២.៩៣៤,១៤ ក្រាម ព្រមទាំងបានឃាត់ខ្លួនជនជាតិកូរ៉េ២ នាក់ រួចកសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការស្របតាមនីតិវិធីច្បាប់ ។
ចំពោះករណីខាងលើនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់ជនសង្ស័យទាំង២ នាក់ ដែលជាជនជាតិកូរ៉េ និងបក្ខពួក ពីបទ.រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕
ដោយ៖ រ៉ារ៉ា