ព័ត៌មានទាន់ហេតុការណ៍៖

វិញ្ញាបនត្រសម្គាល់ម្ចាស់អចនវត្ថុ ចំនួន ៥៩៥ បានប្រគល់ជូនពលរដ្ឋស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីកាន់កាប់ស្របច្បាប់

ចែករំលែក៖

ខេត្តក្រចេះ ៖ ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៥៩៥ ក្បាលដីបានប្រគល់ជូនពលរដ្ឋរស់នៅក្នុងភូមិកំពង់ស្រែ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមវត្តមានចូលរួមពីលោក ហេង សុថា អភិបាលខេត្តស្តីទី  មន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក-ឃុំ និងមន្រ្តីជំនាញស្មគ្រ័ចិត្តនៃមន្ទីររៀបចំដែនដីផងដែរ ។ 

តាមរបាយការណ៍បញ្ជាក់ពីលោក អ៊ូ សុបុណ្ណកា ប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា ៖ ក្រោមការអនុវត្តសហប្រតិបត្តិការបច្ចេកទេស របស់ក្រុមការងារគ្រប់គ្រង តំបន់វិនិច្ឆ័យ ជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ និងមានការចូលរួមយ៉ាង សកម្មរបស់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីមន្ទីររៀបចំដែន ដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្រចេះ បានបន្តចេញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន០១ ភូមិ គឺ÷ភូមិកំពង់ស្រែ ចំនួន ៥៩៥ នាពេលនេះ ។មហើយការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការចុះបញ្ជីដីធ្លី ដែលកើតចេញពីគំនិត ផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ដោយមិនចាំបាច់មានការស្នើសុំពីម្ចាស់ដីឡើយ គឺរដ្ឋា ភិបាលជាអ្នកកំណត់ជ្រើសរើសភូមិ ឬឃុំណាមួយ ដែលត្រូវធ្វើការចុះបញ្ជីដីធ្លី ក្នុងន័យដើម្បីឲ្យប្រជាពលរដ្ឋយកទៅបង្កបង្កើនផល សម្រាប់ទ្រទ្រង់ ជីវភាពគ្រួសារ និងប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ។

មានប្រសាសន៍បន្ថែមក្នុងឱកាសនោះលោក ហេង សុថា អភិបាលខេត្តស្តីទី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញដែលបានខិតខំចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាព និងបានគូសបញ្ជាក់ថា ៖ ការផ្ដល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុនាពេលនេះ គឺជាការគិតគូរដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលតែងតែជំរុញឲ្យអាជ្ញាធរខិតខំដោះស្រាយ និងផ្ដល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឱ្យបានឆាប់រហ័ស ។ ហើយប័ណ្ណកម្មសិទ្ធិ ដែលបងប្អូនទទួលបាននៅថ្ងៃនេះ គឺជាឯកសារមួយសំខាន់ណាស់ ជាឯកសារតំណាង ឲ្យទ្រព្យ របស់បងប្អូន ជាឯកសារតំណាងឲ្យសិទ្ធិ នៃកម្មសិទ្ធផ្ដាច់មុខ លើដីធ្លីរបស់ខ្លួន ក្នុងការប្រើប្រាស់អាស្រ័យ ផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ និងការផ្ទេរ ទៅឲ្យកូនចៅជាដើម ។

 លោកអភិបាលរងខេត្ត បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលទទួលបានវិញ្ញាបនបត្រអចលនវត្ថុនេះ សូមរក្សា ទុក និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ពីព្រោះវាគឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី  បញ្ចប់ជម្លោះ និងវិវាទដីធ្លី ជាពិសេសគឺការកាត់បន្ថយភាពក្រីក្រ ដែលជាគោលនយោបាយដ៏សំខាន់ របស់រាជរដ្ឋាភិបាល ៕

ដោយ៖ សូរិយា


ចែករំលែក៖