ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងពាណិជ្ជកម្ម​ ដាក់​ឱ្យដំណើរការប្រព័ន្ធ​ទូរស័ព្ទសាធារណៈ​ដោះស្រាយ​ចម្ងល់ពី​សហគ្រាស​អាជីវកម្ម​

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៩​ ខែមីនា​ ឆ្នាំ​២០២៤​ បានឱ្យដឹងថា​ ក្រសួង​នឹងដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូរស័ព្ទសាធារណៈដើម្បីឆ្លើយតបនូវសំណួរ សំណូមពរ មតិយោបល់ និងដំណោះស្រាយបញ្ហាប្រឈមនានារបស់ធុរជន និងសាធារណជនពាក់ព័ន្ធនឹង៖

១). ព័ត៌មានទូទៅ

២). ព័ត៌មានអំពីការចុះបញ្ជីពាណិជ្ជកម្ម

៣). ព័ត៌មានអំពីការចុះបញ្ជីម៉ាក

៤). ព័ត៌មានអំពីការនាំចេញ-នាំចូល

៥). ព័ត៌មានអំពីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)

៦). ព័ត៌មានអំពីសេវាពាណិជ្ជកម្មផ្សេងៗរបស់ក្រសួងពាណិជ្ជកម្ម ដូចជាប្រតិបត្តិការដែលមានកិច្ចធានា និងព័ត៌មានអំពីការតាំងពិព័រណ៌។

ក្រសួង​ពាណិជ្ជកម្ម​ បានបញ្ជាក់ថា​ ម្ចាស់សហគ្រាស អាជីវកម្ម ធុរជន និងសាធារណជនទូទៅ ដែលមានបំណងសាកសួរព័ត៌មានចម្ងល់ឬបញ្ហាផ្សេងៗពាក់ព័ន្ធនឹងកិច្ចការដូចបានបញ្ជាក់ជូនខាងលើ អាច​ហៅចូលមកកាន់លេខទូរស័ព្ទ ១២៦៦ របស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដោយឥតគិតថ្លៃ។ មន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម រង់ចាំទទួលទូរស័ព្ទ និងធ្វើការឆ្លើយតប នៅរៀងរាល់ម៉ោងធ្វើការ។

ចំពោះ​ការប្រកាស​ដាក់ចេញលេខទំនាក់ទំនង​សាធាណៈ ដើម្បី​អាច​ឲ្យម្ចាស់ក្រុមហ៊ុន អាជីវកម្ម​ និងសាធារណជនទូទៅនឹងទទួល បានព័ត៌មាន តាមរយៈប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួង សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ព្រមទាំងដើម្បី ជួយសម្រួលដល់ការប្រកបអាជីវកម្ម និងធុរកិច្ចកាន់តែមានភាពងាយស្រួល និងរីកចម្រើនបន្ថែមទៀត៕

ដោយ​៖ តារា​


ចែករំលែក៖