ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា ទទួលបានជោគជ័យក្នុងការសាកល្បងមីស៊ីលអន្តរទ្វីប អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរច្រើនគ្រាប់

ចែករំលែក៖

សារព័ត៌មាន AFPបានឱ្យដឹងថា នាយរដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កាលពីថ្ងៃចន្ទទី១១ ខែមីនា បានប្រកាសថា ឥណ្ឌាបានធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគមួយគ្រាប់ផលិតក្នុងស្រុក ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរច្រើនគ្រាប់ ប្រកបដោយជោគជ័យជាលើកដំបូង។
លោក ម៉ូឌី ធ្វើការប្រកាសបែបនេះនៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ជាមួយការបន្ថែមថា មីស៊ីលបាលិស្ទីគដែលយោធាឥណ្ឌាបានធ្វើតេស្ដគឺជាមីស៊ីល ប្រភេទ Agni-5 ប្រើប្រាស់បច្ចេកវិទ្យា MIRV។ MIRV គឺជាបច្ចេកវិទ្យាមួយដែលអាចឱ្យមីស៊ីលបាលិស្ទីគ Agni-5 មានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរច្រើនគ្រាប់ ហើយអាចញែកចេញពីគ្នា និងវាយប្រហារលើគោលដៅផ្សេងៗគ្នាក្នុងពេលតែមួយ។ លោក ម៉ូឌី មិនបានបញ្ជាក់អ្វីលម្អិតនោះទេពីការធ្វើតេស្ដមីស៊ីល ប៉ុន្តែកន្លងមក ឥណ្ឌាក៏ធ្លាប់បានធ្វើតេស្ដបាញ់មីស៊ីល Agni-5 ជាលើកដំបូងផងដែរ។
មីស៊ីល Agni-5 ជាមីស៊ីលបាលិស្ទីគ ត្រូវបានអភិវឌ្ឍដោយទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា Defence Research and Development Organisation ហើយពាក្យថា Agni មានន័យថា «ព្រះអគ្គី» ក្នុងភាសាសំស្រឹ្កត។ ម្យ៉ាងទៀត ខណៈក្រុមអ្នកជំនាញយល់ថា មីស៊ីលរយៈចម្ងាយខ្លី Agni-I និង Agni- II ត្រូវបានអភិវឌ្ឍឡើងដើម្បីប្រជែងជាមួយប៉ាគីស្ថាន ការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ Agni-5 បានឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរការផ្តោតរបស់ឥណ្ឌាទៅលើចិន៕ ដោយ៖ ធីរីណា

រូប​ថត​៖ AP


ចែករំលែក៖