ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់គ្រប់តួអង្គពាក់ព័ន្ធដែលបានកសាងសមិទ្ធផលព្រលានយន្តហោះជាប្រវត្តិសាស្រ្តនេះ

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ មិនថាជាកម្មករ កម្មការិនី ឬបុគ្គលិកផ្នែកណាមួយនោះទេ យើងត្រូវមានមោទនភាពថា យើងក៏បានចូលរួមនៅក្នុងការកសាងសមិទ្ធផលប្រវត្តិសាស្រ្តនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសបុគ្គលិក កម្មករទាំងអស់ដែលបានរួមគ្នាកសាង ហើយសម្តេច ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់លើការងារនេះបន្តទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ រួមទាំង អ្នកពិគ្រោះយោបល់ ក្រុមហ៊ុនបរទេសនានា រួមមាន ក្រុមហ៊ុនអង់គ្លេស ដាណឺម៉ាក ហូឡង់ កូរ៉េខាងត្បូង និងក្រុមហ៊ុនចិនផងដែរ ដែលបានចូលរួមកសាងសមិទ្ធផលនេះ ដោយមានការគ្រប់គ្រងគុណភាពច្បាស់លាស់។ សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ប្រទេសមានសន្តិភាព ទើបអ្នកវិនិយោគហ៊ានមកវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយនេះ»។

សម្តេចបានបញ្ជាក់ថាការអភិវឌ្ឍអាកាសយានដ្ឋានឈរជាសក្ខីភាពនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាការរៀបរាប់ដែលសម្តេចមានមោទនភាពដោយមិនខ្លាចអួតទៅកាន់ឆាកពិភពលោក។

លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះគុណភាពសំណង់ដ៏វិសេសវិសាលនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមើលឃើញពីអត្ថប្រយោជន៍ដ៏ទូលំទូលាយសម្រាប់ជាតិទាំងមូល ដែលជាសក្ខីភាពនៃមោទនភាពរួមរបស់អ្នកពាក់ព័ន្ធទាំងអស់។

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ កម្រិត៤F បានចាប់ផ្តើមនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លើផ្ទៃដីទំហំ ២,៦០០ហិកតា នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។ គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រេចការសាងសង់បានប្រមាណ ៦៦.១% គួរឱ្យចាប់អារម្មណ៍ ហើយបានចំណាយទឹកប្រាក់សរុបលើការសាងសង់ចំនួន ៩៦១ លានដុល្លារនៃការវិនិយោគដែលបានគ្រោងទុកចំនួន ១.៥ពាន់លានដុល្លារ ៕ 

ដោយ ៖ សិលា


ចែករំលែក៖