ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារធ្វើការផ្សព្វផ្សាយអំពីយុទ្ធសាស្រ្តបច្ចុកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា យុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ពិសេសលើយុទ្ធសាស្រ្តទី២ ផ្តោតលើភាពបៃតង ដោយក្រសួងបរិស្ថានប្រកាសអនុវត្តច្បាប់១០០% ដោយគ្មានការលើកលែង សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ, កងរាជអាវុធ ហត្ថ និងការដាំស្តារព្រៃឈើទ្បើងវិញ ជាមួយលោកមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ ព្រមទាំងមេភូមិ នៃឃុំអូរសោម និងឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកប្រធានក្រុមការងារ បានសំណូមពរដល់លោកមេឃុំ មេភូមិ ត្រូវឈប់ចុះហត្ថលេខាបញ្ជាក់ លើលិខឹតស្នើសុំកាន់កាប់ដីឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងពិនិត្យលទ្ធភាពមោឃ ភាព លើលិខិតបញ្ជាក់មិនប្រក្រតីកន្លងមក។ ជាមួយគ្នានេះ ក្រុមការងារក្រសួងបរិស្ថាន បានជំរុញនិងលើក ទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរមូលដ្ឋាន ទាំងអស់ចូលរួមការពារធនធានធម្មជាតិ ការប្រភពទឹកស្ទឹង អូរ ដែលទ្រទ្រង់សំខាន់សម្រាប់ជីវិតមនុស្ស និងសត្វ ឱ្យស្អាត សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ដោយផ្ទាល់។ 

លោកប្រធានប្រតិភូ បានលើកអំពីទំហំផ្ទៃដីអនុក្រឹត្យ ២៤៥ របស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ កំណត់ជា តំបន់សហគមន៏ដែល នៅតែជាដីសាធារណៈរបស់រដ្ឋ (ដីតំបន់ការពារ) សម្រាប់បម្រុងទុក ជូនប្រជាជនមូលដ្ឋានប្រើប្រាស់ទៅថ្ងៃអនាគត។ 

សូមបញ្ជាក់ថា ក្នុងការចុះផ្សព្វផ្សាយការពង្រឹងការ គ្រប់គ្រងធនធានធម្មជាតិ នាពេលនេះលោកប្រធានក្រុមការងារ បានប្រគល់សេចក្តីជូនដំណឹង ស្តីពីវិធានការទប់ស្កាត់ លុបបំបាត់ និងបង្រ្កាបការកាប់គាស់ រុករាន ឆ្ការដុតឬការឈូសឆាយដីព្រៃ ក្នុងតំបន់ការពារ ធម្មជាតិធ្វើជាកម្មសិទ្ធិ និងផែនទីបឋមការប្រើប្រាស់ដី នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តឃុំអូរសោម ឃុំក្រពើពីរ ជូនដល់លោកមេឃុំទាំង២ ផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖