ព័ត៌មានទាន់ហេតុការណ៍៖

យានយន្តល្មើសចំនួន ៣៣៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី២២​ មីនានេះ​!

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤​ កម្លាំងនគរបាល​ជំនាញ​ចរាចរណ៍​ រកឃើញយានយន្តល្មើសចំនួន ៣៣៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា​។ 

របាយការណ៍ដដែល​ បន្តថា​ ចំនួនគោលដៅសរុប ៦៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៧០គ្រឿង, រថយន្តធំ ១៩គ្រឿង, រថយន្តតូច ១១៧គ្រឿង និងម៉ូតូ ២៣៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៣៨គ្រឿង  រថយន្តធំ ១៩គ្រឿង រថយន្តតូច ៩៦គ្រឿង និងម៉ូតូចំនួន ២២៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២២ថ្ងៃ ពីថ្ងៃទី១-២២ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១០,៧៨៤គ្រឿង រថយន្តធំ ៣៧១គ្រឿង រថយន្តតូច ២,៨១២គ្រឿង ម៉ូតូ ៧,៦០១គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨,៣៧៦គ្រឿង, រថយន្តធំ ១៣៥គ្រឿង, រថយន្តតូច ១,៨១៩គ្រឿង និងម៉ូតូ ៦,៤២២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ​៖ តារា​


ចែករំលែក៖