ភ្នំពេញ ៖ ការធ្លាក់ចុះទាបពេកនៃកម្រិតជាតិស្ករក្នុងឈាម ទៅលើអ្នកជំងឺទឹកនោមផ្អែម គឺជាបញ្ហាដែលជួបប្រទះញឹកញាប់ (ជាពិសេសលើអ្នកជំងឺទឹកនោមផ្អែម) ដែលព្យាបាលដោយថ្នាំចាក់ប្រភេទអាំងស៊ុយលីន និងថ្នាំគ្រាប់ក្រុមស៊ុលហ្វាមីត (Sulfamides hypoglycémiants) និងក្រុមគ្លីនីត (Glinide)។
ជាការពិតណាស់ ស្ទើរតែគ្រប់អ្នកជំងឺទឹកនោមផ្អែមគ្រប់រូប តែងតែមានការខ្វាយខ្វល់អំពីការឡើងកម្រិតជាតិស្ករនៅក្នុងឈាមរបស់គាត់ ប៉ុន្តែពួកគាត់ទាំងនោះ បានមើលរំលងអំពីគ្រោះថ្នាក់នៃការថយចុះកម្រិតជាតិស្ករទាបពេកនៅក្នុងឈាម ដែលជាមូលហេតុចម្បងទី១ នៃការចូលសម្រាកពេទ្យរបស់អ្នកជំងឺទឹកនោមផ្អែម ហើយវាជាក្តីបារម្ភខ្លាំងបំផុតនៃក្រុមវេជ្ជបណ្ឌិតយើងខ្ញុំ។
១) តើពេលណាទើបយើងហៅថាការធ្លាក់ចុះជាតិស្ករខ្លាំងពេក នៃអ្នកជំងឺទឹកនោមផ្អែម?
តាមនិយមន័យ វាជាការស្តែងចេញរោគសញ្ញា នៃការខ្វះជាតិស្ករទៅចិញ្ចឹមខួរក្បាល (Neuroglucopénie) ព្រមគ្នាជាមួយការធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាម ដែលមានចំនួនតូចជាង ០.៧ g/l ហើយសញ្ញាទាំងអស់នេះនឹងបាត់ទៅវិញបន្ទាប់ពីមានការបង្គ្រប់ជាតិស្ករ (Triade de WHIPPLE)។
២) រោគសញ្ញា៖
ក) រោគសញ្ញាដែលកើតឡើងដោយសារការបញ្ចេញអ័រម៉ូនអាដ្រេណាលីន (Réaction adrénergique)
– អាការៈញ័រដៃជើង (Tremblement)
– ញ័រទ្រូង (Palpitations)
– បែកញើស (Transpiration)
– ថប់បារម្ភ (Anxiété)
– ឃ្លានអាហារខ្លាំង (Faim)
– ចង្អោរ (Nausée)
– ស្ពឹកជុំវិញមាត់ (Picotement péribuccal)
– ស្លេកស្លាំង (Pâleur)
ខ) សញ្ញាដែលកើតចេញពីការខ្វះជាតិស្ករទៅចិញ្ចឹមខួរក្បាល (Neuroglucopénie)
– វិបត្តិនៃការផ្ចង់អារម្មណ៍ (Trouble de concentration)
– ប្រែប្រួលអារម្មណ៍ (Changement de l’humeur)
– ខ្សោយកំលាំង (Faiblesse)
– ស្រវាំងភ្នែក (Flou visuel)
– ឈឺក្បាល (Céphalée)
– សន្លឹម (Somnolence)
– វង្វេង (Confusion)
– ប្រកាច់ (Convulsion)
ការធ្លាក់ចុះជាតិស្ករខ្លាំងធ្ងន់ធ្ងរ អាចឈានដល់ការបាត់បង់ស្មារតី និងអាចដល់ស្លាប់បាត់បង់ជីវិតផងក៏មាន។
៣) ផលវិបាកនៃការចុះជាតិស្ករទាបពេកនៃអ្នកជំងឺទឹកនោមផ្អែម ដែលប្រជាពលរដ្ឋយើងត្រូវតែដឹង៖
ក) ផលវិបាកទៅលើខួរក្បាល៖
វាអាស្រ័យទៅលើភាពធ្ងន់ធ្ងរ និងរយៈពេលនៃការចុះជាតិស្ករ ដែលក្នុងនោះវាអាចបណ្តាលអោយអ្នកជំងឺបាត់បង់ស្មារតី ឬអាចឈានដល់ការបាត់បង់ជីវិតតែម្តង។ មួយវិញទៀត តាមការសិក្សាថ្មីៗបានបង្ហាញថា ការចុះជាតិស្ករខ្លាំង និងញឹកញាប់ បណ្តាលអោយមានការកើនឡើងនូវអត្រាជំងឺវង្វេង (Dementia) នៅពេលអ្នកជំងឺមានវ័យចាស់។
ខ) ផលវិបាកទៅលើបេះដូង៖
តាមការស្រាវជ្រាវបង្ហាញថា ការធ្លាក់ចុះជាតិស្ករទាបពេក និងស្រួចស្រាវ បង្កអោយមានការកើនឡើងនូវគ្រោះថ្នាក់បេះដូងដូចជា ការស្ទះសរសៃឈាមបេះដូង និងវិបត្តិចង្វាក់បេះដូង។
គ) វិបត្តិទៅលើភ្នែក៖
វាធ្វើអោយមានការថយចុះនៃគំហើញ ដោយសារការប៉ះពាល់ដល់រ៉េទីននៃបាតភ្នែក។
៤) តើអ្នកជំងឺ និងក្រុមគ្រួសារត្រូវធ្វើដូចម្តេច ពេលមានបញ្ហានេះកើតឡើង?
ជាការចាំបាច់ អ្នកជំងឺទឹកនោមផ្អែមដែលព្យាបាលដោយថ្នាំអ៊ាំងស៊ុយលីន ស៊ុលហ្វាមីត និងក្រុមគ្លីនីត ត្រូវមានជាប់ខ្លួននៅម៉ាស៊ីនតេស្តជាតិស្ករ និងស្ករ(ស្ករគ្រាប់ ឬស្ករដុំ) និងថ្នាំ Glucagon ចាក់បើអាចមាន។
ក្នុងករណីដែលអ្នកជំងឺមានអាការៈនៃការថយចុះជាតិស្ករ ដូចបានរៀបរាប់ខាងលើ ហើយអ្នកជំងឺនៅដឹងខ្លួន សូមធ្វើតេស្តជាតិស្ករ រួចអោយអ្នកជំងឺទទួលទានស្ករដែលមានបំរុងទុក។
ក្នុងករណីអ្នកជំងឺចុះជាតិស្ករខ្លាំងពេករហូតបាត់បង់ស្មារតី ក្រុមគ្រួសារអាចជួយគាត់បានតាមរយៈការចាក់ថ្នាំគ្លុយកាកុង (Glucagon) ក្នុងសាច់ដុំ រឺបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីទទួលការបង្គ្រប់ជាតិស្ករតាមសរសៃឈាម។
៥) ការសន្និដ្ឋាន
គ្រប់អ្នកជំងឺទឹកនោមផ្អែមទាំងអស់ គួរតែបង្កើនការយកចិត្តទុកដាក់អំពីបញ្ហាចុះកម្រិតជាតិស្ករខ្លាំងក្នុងឈាម ដែលជាគ្រោះថ្នាក់ដ៏ធំមួយសំរាប់ជីវិត ហើយការចុះជាតិស្ករខ្លាំងបែបនេះ ត្រូវតែស្រាវជ្រាវរកមូលហេតុអោយបានច្បាស់លាស់ និងធ្វើការព្យាបាលអោយបានសមស្រប។
«ប្រសិនបើបងប្អូនជួបបញ្ហា ឬមានអាការៈដូចបានរៀបរាប់ខាងលើ សូមបងប្អូនប្រញាប់មកជួបគ្រូពេទ្យឯកទេសផ្នែកទឹកនោមផ្អែម នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិគ្រោះជំងឺរកមូលហេតុអោយបានច្បាស់លាស់ និងព្យាបាលបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់។»
នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សិលា