ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានកត់សម្គាល់ឃើញថា ក្រសួងការពារជាតិ និងអគ្គបញ្ជាការបានយកចិត្តទុកដាក់លើការកែទម្រង់កងយោធពលខេមរភូមិន្ទនិយាយជារួម និងនិយាយដោយឡែកលើការកែទម្រង់អប់រំ ហ្វឹកហ្វឺនរៀនសូត្រ និងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យការពារជាតិ ដែលបាននិងកំពុងពង្រឹងនិងពង្រីកបណ្តាសាលាពហុជំនាញ និងជំនាញចំណុះកងទ័ពជើងគោក។
នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធអគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤នៅសាកលវិទ្យាល័យការពារជាតិ» នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងនិងអភិវឌ្ឍគុណភាពហ្វឹកហ្វឺនរៀនសូត្រ ក៏ដូចជាពង្រឹង និងអភិវឌ្ឍន៍គ្រប់វិស័យរបស់សាលាឱ្យស្របតាមបរិវត្តកម្មឌីជីថល គិតគូរដល់ការបណ្តុះបណ្តាលសមត្ថភាព ចំណេះដឹងអាជីព និងជំនាញបច្ចេកទេសដល់កងទ័ព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការគ្រប់គ្រងបង្កប្រភពលើមូលដ្ឋានសម្ភារៈសឹក កសាងហេដ្ឋារចនាសម្ព័ន្ធបន្ទាយទ័ព ការចិញ្ចឹមបីបាច់ថែរក្សាសុខុមាលភាពកងទ័ព រួមទាំងការបណ្តុះមនសិការក្នុងជួរកងទ័ព ដើម្បីអភិវឌ្ឍចំណេះដឹង សមត្ថភាព ជំនាញ វិជ្ជាជីវៈកងទ័ពផ្សារភ្ជាប់ទៅនឹងសីលធម៌ គុណធម៌ វិន័យរបស់កងទ័ព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនអាចបំភ្លេចបាននូវគុណតម្លៃដ៏ធំធេងរបស់ សម្ដេចពិជ័យសេនា ដែលបានដឹកនាំកងយោធពលខេមរភូមិន្ទ ជាកម្លាំងស្នូលក្នុងការអនុវត្តដោយជោគជ័យ នូវភារកិច្ចប្រឆាំង ទប់ស្កាត់ ព្យាបាលជំងឺកូវីដ១៩ បានដឹកនាំធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម យុទ្ធនាការ ដឹកជញ្ជូនពលករចំណាកស្រុក។ល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ នៅចំពោះមុខសភាពការណ៍ បញ្ហាប្រឈមនិងកាលានុវត្តភាព នៃបរិបទទូទៅលើសាកលលោក ក្នុងតំបន់ ក៏ដូចជានៅក្នុងប្រទេស ទន្ទឹមនឹងការអនុវត្តភារកិច្ចដ៏ពិសិដ្ឋរបស់ខ្លួន កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងមានឧត្តមគតិស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ចំពោះរាជរដ្ឋាភិបាល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិភាព រាល់សមិទ្ធផលសង្គមជាតិ សមិទ្ធផលនយោបាយឈ្នះ! ឈ្នះ!។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ ត្រូវបន្តធ្វើការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យក្នុងកងយោធពលខេមរភូមិន្ទចាប់ពីស្ថាប័នថ្នាក់ ដឹកនាំបញ្ហា រហូតដល់កងឯកភាពឲ្យបានសម្រេចប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងស្មារតីសាមគ្គីភាព និងទទួលខុសត្រូវបំផុត ៕
ដោយ ៖ សិលា