ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងកំពង់សោមបង្រ្កាបក្រុមក្មេងទំនើងឃាត់ខ្លួន៩នាក់ ប្រើហិង្សាដោយចេតនាមានពូថៅ ដាវ ដំបងវាយ កាប់​ម៉ូតូជនរងគ្រោះ

ចែករំលែក៖

ខេត្តព្រះសីហនុ÷ បង្រ្កាបករណី ក្រុមក្មេងទំនើង ១ក្រុម ប្រើអំពើហិង្សាដោយចេតនា (មានពូថៅ ដាវ ដំបងវាយ កាប់​ម៉ូតូជនរងគ្រោះ)ឃាត់ខ្លួន៩នាក់នៅភូមិគគី សង្កាត់បិតត្រាំង ក្រុងកំពង់សោម។

ដោយមានការយកចិត្តទុកដាក់ ដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងតាមកាណែនាំពីលោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ។

យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១ និង១០ នាទី​រំលងអាធ្រាត្រ នៅចំនុចក្រោមចំណោទខ្មែរធ្វើបាន ស្ថិតក្នុងភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ មានករណីហិង្សាដោយចេតនាមួយកើតឡើង​បង្កដោយក្រុមទំនើង១ក្រុម មានគ្នា៩នាក់ ជិះម៉ូតូ ចំនួន៥គ្រឿង​ដេញវាយ ប្រើប្រាស់ ពូថៅ ដាវ ដំបងឈើ ធ្វើសកម្មភាព វាយនឹងកាប់បំផ្លិចបំផ្លាញ ម៉ូតូជន រងគ្រោះ១គ្រឿងបណ្តាលឱ្យរងការខូច ខាត​ជាដំណំ។

ជនរងគ្រោះ៖១.ឈ្មោះយ៉ែម សុខគ្រាត ភេទប្រុសអាយុ ២៦ឆ្នាំ(មុខរបរកម្មកររោងចក្រ),២.ឈ្មោះ ឈាត ដែន ភេទប្រុសអាយុ២២ឆ្នាំ(កម្មកររោងចក្រ),៣.ឈ្មោះ សន វីត ភេទប្រុសអាយុ២០ឆ្នាំ (មុខរបរកម្មកររោងចក្រ)។ អ្នកទាំង៣ ស្នាក់នៅភូមិពូធឿង សង្កាត់បិតត្រាំងក្រុង កំពង់សោម ខេត្តព្រះសីហនុ(ពុំមានរងរបួសនោះទេ)។

បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះ ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងកំពង់សោម បានចុះធ្វើការស្រាវជ្រាវ ។ រហូតមកដល់យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦វេលាម៉ោង១.៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៩នាក់ រួមទាំងវត្ថុតាង។

ជនសង្ស័យ៖ ១.ឈ្មោះ សាង ចិន ភេទប្រុស អាយុ១៩ ឆ្នាំ​(មុខរបរជាងភ្លើង)​ស្នាក់នៅភូមិ១​សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។​ ២.ឈ្មោះ រុន រ៉ាវីត ភេទ ប្រុស អាយុ១៨ឆ្នាំ (មុខរបរលាងឡាន) ស្នាក់នៅ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ (បើកម៉ូតូ),៣.ឈ្មោះ យ៉ាន់ ផាន់ណា  ភេទប្រុស អាយុ១៧ឆ្នាំ (មុខរបរជាងភ្លើង) ស្នាក់ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ(កាន់ដំបងឈើ) ,៤.ឈ្មោះ ម៉ុន  ប៊ុនឡៃ  ភេទប្រុស អាយុ១៧ឆ្នាំ​(មុខរបរជាងភ្លើង) ស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហ​នុ (កាន់ពូថៅ) ៥.ឈ្មោះ ចាន់ តុលា  ភេទប្រុស អាយុ១៧ ឆ្នាំ (មុខរបរជាងភ្លើង)​ស្នាក់នៅភូមិ១ សង្កាត់១​ ក្រុងព្រះសីហនុ(បើកម៉ូតូ)៦.ឈ្មោះ ងីន ថានុ ភេទ ប្រុស អាយ១៧ឆ្នាំ (មុខរបរជាងភ្លើង)ស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហន(កាន់ដាវ)៧.ឈ្មោះ ម៉ាន មូស្លីម ភេទ ប្រុសអាយុ១៧ឆ្នាំ​(មុខរបរជាងភ្លើង) ស្នាក់នៅភូមិ៣ សង្កាត់៤ក្រុងព្រះសីហនុ(បើកម៉ូតូនឹងជាអ្នកថតសកម្មភាព) ៨.ឈ្មោះ ប៉ាក គង់ហាន ភេទប្រុស អាយុ ១៨ ឆ្នាំ​(មុខរបរកម្មករការ៉ាសសាំង)ស្នាក់នៅ​ភូមិ​ភូមិ១ សង្កាត់១ក្រុងព្រះសីហនុនិង ៩.ឈ្មោះ ខា ឆាវិន ភេទ ប្រុស អាយុ១៦ឆ្នាំ​(មុខរបរជាងភ្លើង)ស្នាក់នៅភូមិ១ សង្កាត់១ក្រុងព្រះសីហនុ​ខេត្តព្រះសីហ​នុ។​

វត្ថុតាងដកហូតរួមមាន៖

១.ពូថៅចំនួន ០១ដើម

២.ដាវចំនួន ០១ដើម

៣.ដំបងឈើ ចំនួន១កំណាត់

៤.ម៉ូតូចំនួន៥គ្រឿង(មធ្យោបាយប្រព្រឹត្របទល្មើស)

៥.ទូរស័ព្ទដៃ ចំនួន៨គ្រឿង

-ក្នុងករណីខាងលើ ខូចខាត ម៉ូតូ១គ្រឿង ។

បច្ចុប្បន្ន ក្រុមជនសង្ស័យ រួមនទាំងវត្ថុតាង ត្រូវបានផ្នែកជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់សោម កសាងសំណុំរឿងបញ្ជូនទៅការិយាល័យ​ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តតាមនីតិវិធី ៕

ដោយ៖ សូរិយា


ចែករំលែក៖