ភ្នំពេញ៖ ថ្ងៃស្អែកជាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន នៅឆ្នាំ២០២៦ អាជីវករ ជាច្រើនបានបង្ហាញការសប្បាយចិត្តដោយសារតែឆ្នាំនេះ ដើមផ្កាអង្ការសីល ប្រភេទដើមផ្កា និងដើមរុក្ខជាតិសម្រាប់តាំងលម្អដែលជាជំនឿជនជាតិចិននោះ បានលក់ដាច់ជាហូរហែ និងកន្លែងខ្លះលក់ស្ទើរអស់មុន ពិធីបុណ្យចូលឆ្នាំចិនឈានចូលមកដល់ ផងដែរ។
សម្រាប់ទីកន្លែងលក់ផ្កានៅតាម រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ដែលតែងទិញប្រភេទផ្កាសម្រាប់ការរៀបចំតាំងសម្អក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន យកមក លក់ និងមានការមមាញឹកជាមួយនឹងការលក់ឱ្យទាន់ រដូវកាល និងស្របពេលដែលអតិថិជនដែលជាអ្នកកាត់ខ្សែស្រឡាយចិន ក៏សម្រុកមកទិញក្នុងពេលវេលានេះដូចគ្នា។ ជាមួយគ្នានេះដែរ អាជីវករលក់ផ្កាមួយចំនួនបានប្រាប់ថា មុនពេលពិធីបុណ្យចូលឆ្នាំចិនមកដល់ពួកគាត់បានត្រៀមថវិកាជាស្រេចសម្រាប់ទិញប្រភេទដើមផ្កាដែលគេមានជំនឿថាផ្តល់ជោគសិរីសួស្តីនោះ និងហ៊ានចំណាយដើមទុនជាច្រើនដើម្បីទិញផ្កាមកលក់ សម្រាប់រកប្រាក់ផលចំណេញទៅវិញ។ ចំពោះប្រភេទផ្កាដែលគេពេញនិយម និងមានជំនឿនាំជោគសិរី ជាពិសេសការរកស៊ីមានបានតាមជំនឿជនជាតិចិននោះ រួមមានដូចជា ដើមអង្គារសីល ផ្កាស្បៃរឿង ផ្កាសិរមាន់ ដើមក្រូចឃ្វិច និងផ្លែម្នាស់ ជាដើម។ តាមរយៈជំនឿនេះដែរ សម្រាប់ផ្កា ដែលគេបានជ្រើសរើស និងសម្រិតសម្រាំងមកលក់នោះគឺផ្កាដែលមានពណ៌ក្រហម ឬមានពណ៌លឿង ដែលជាជំនឿជនជាតិចិនថា នឹងជួយនាំមកសិរីសួស្តីឆ្នាំថ្មី មានជោគសំណាងល្អ និងតំណាងនាំលាភមាស ប្រាក់ ជាដើម។
អ្នកស្រី ណាក់ ស៊ីណា ដែលកំពុងលក់ផ្កាអង្គារសីលនៅក្បែរវត្តទឹកថ្លា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ផ្កាអង្គារសីលនៅឆ្នាំនេះ មិនសម្បូរដូចរៀងរាល់ឆ្នាំទេពោលគឺថយចុះប្រហែលពាក់កណ្តាល ហើយផ្កាប្រភេទនេះ រាល់ឆ្នាំអ្នកស្រីអាចទិញរាប់រយដើមមកលក់ តែឆ្នាំនេះទិញបានតែជាង២០០ដើមមកលក់ ដែលភាគច្រើនពុំសូវល្អថែមទៀត។ បើតាមស្រ្តីលក់ផ្កាអង្គាសីលរូបនេះ បានប្រាប់ឱ្យដឹងផងដែរថា៖ «ផ្កាអង្គារសីលស្ថិតនៅក្នុងចំណោមផ្កាដែលជនជាតិចិនចូលចិត្តទិញបំផុតមួយ សម្រាប់តាំងលម្អគេហដ្ឋានក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ពីព្រោះវាជាផ្កានាំមកនូវជោគសំណាង និងរកស៊ីមានបានផង»។
ស្រ្តីអ្នកលក់ផ្កា ដែលមានវ័យជិត៤០ឆ្នាំរូបនេះ ក៏បានប្រាប់បន្ថែមថា ផ្កាអង្គារសីលភាគច្រើនយកមកពីខេត្តពោធិ៍សាត់ ឬយកមកពីភ្នំឱរ៉ាល់ជាដើម។ ដោយឡែក អ្នកស្រី កង រិទ្ធី ដែលកំពុងលក់ផ្កាតាមបណ្តោយផ្លូវជាតិលេខ 6A ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញបានរៀបរាប់ប្រាប់ឱ្យដឹងថា ជារៀងរាល់ឆ្នាំបងប្អូនខ្មែរសែស្រឡាយចិន តែងមានជំនឿទិញផ្កា និងដើមឈើ យកទៅតាំងលម្អផ្ទះសម្បែង។ អ្នកស្រីអះអាងថា៖ «ឆ្នាំនេះដូចសព្វមួយដងគឺអ្នកស្រីលក់ដាច់ហូរហែរ ដោយក្នុងមួយថ្ងៃៗអាចលក់បានខ្ទង់ពាន់ដុល្លារ ពិសេសមកកៀកថ្ងៃបុណ្យចូលឆ្នាំចិននេះដែរ ខ្ញុំលក់ដាច់ខ្លាំងពីព្រោះអតិថិជនសម្រុកមកទិញច្រើនណាស់»។
អ្នកស្រីដែលជាអ្នកលក់ផ្ការូបនេះ ក៏បាននិយាយឱ្យដឹងទៀតថា អ្នកដែលមកទិញផ្កា និងដើមឈើគឺជាអ្នកមានជំនឿ មានទាំងខ្មែរ ទាំងខ្មែរកាត់សែស្រឡាយចិន ជនជាតិចិន និងវៀតណាម។
មិនខុសពីអ្នកលើកផ្កា និងដើមឈើមុនៗនោះដែរ អ្នកស្រី អ៊ឹម សេងហុង ដែលជាអ្នកលក់ផ្កានៅលើកំណាត់ផ្លូវជាតិលេខ6A ដែរនោះក៏បានបញ្ជាក់ឱ្យដឹងថា ឆ្នាំនេះសួនផ្កាអ្នកស្រីចំណាយដើមទុនប្រមាណ៧ ទៅ៨ម៉ឺនដុល្លារ សម្រាប់ទិញផ្កា និងដើមឈើទាំងនេះមកលក់ ហើយសម្រាប់ការរកផលចំណេញមកវិញប្រមាណជិតខ្ទង់ម៉ឺន ដែលឆ្នាំខ្លះអាចដល់ខ្ទង់១ម៉ឺនដុល្លារបន្តិបន្តួច។
ទាក់ទិនទៅនឹងតម្លៃផ្កានេះដែរ ស្រ្តីរូបនេះក៏បានប្រាប់បន្ថែមថា៖ ចំពោះតម្លៃផ្ការបស់ខ្ញុំ មានតម្លៃទាបបំផុតគឺ៥ ០០០ រៀល ជាប្រភេទផ្កាស្បៃរឿង ចំណែកផ្កាដែលថ្លៃខ្ពស់នោះ គឺមានមួយផើងខ្លះថ្លៃរហូតដល់៣៥០ដុល្លារដែលភាគច្រើនទិញទៅតាមធនធានរបស់គេ។ ក្នុងចំណោមផ្កាទាំងអស់នេះ មួយចំនួនគេនាំយមកពីប្រទេសចិនដោយផ្ទាល់ ផ្កាមួយចំនួនពីប្រទេសវៀតណាម និងខ្លះទៀតដាំដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា ។
សម្រាប់អ្នកលក់ផ្កាមួយរូបទៀត ម្ចាស់សួនផ្កាឈ្មោះ “សួនឡាំងអ៊ី” គឺ អ្នកស្រី ឡាំង អ៊ី បានលើកឡើងថា ផ្កាទាំងអស់ដែលអ្នកស្រីទិញមកគឺបានត្រៀមទុកកន្លះខែមកម៉្លេះ ហើយនៅឆ្នាំនេះអ្នកស្រីបានចំណាយថវិកាប្រមាណជាង២ម៉ឹនដុល្លារ សម្រាប់ទិញផ្កាមកលក់ ដែលឃើញថាលក់ដាច់គួរសមទាំងការលក់តាមអនឡាញ និងលក់ផ្ទាល់។ អ្នកស្រី ឡាំង អ៊ី ដែលមានវ័យជិត៦០ឆ្នាំរូបនេះបានសង្កត់ធ្ងន់ថា៖ «សម្រាប់ដើមផ្កាទាំងអស់នេះ ខ្ញុំតែងលក់ដាច់អំឡុងមួយសប្តាហ៍មុនបុណ្យចូលឆ្នាំចិន មកដល់។ ឆ្នាំនេះគឺខ្ញុំលក់ដាច់ទាំងតាមអនឡាញនិងលក់ផ្ទាល់នៅនឹងកន្លែង»។
កំពុងតែទិញផ្កាយកទៅតាំងលម្អគេហដ្ឋាន លោក វ៉ន ស៊ីថា អ្នករស់នៅក្នុងរាជធានីភ្នំពេញបានបញ្ជាក់ថា ជារៀងរាល់ពិធីបុណ្យចូលឆ្នាំចិន លោកតែងមកទិញផ្កា ទាំងផ្កាអង្គារសីល និងផ្កាផ្សេងៗទៀតដើម្បីដាក់លម្អក្នុងផ្ទះសម្បែង ពីព្រោះលោកជឿជាក់ថា នឹងជួយឱ្យឆ្នាំថ្មីមានជោគសំណាង និងមានភាពសុខសប្បាយក្នុងក្រុមគ្រួសាររបស់ពួកគាត់។
លោក វ៉ន ស៊ីថា ដែលជាអ្នកកាត់សែស្រឡាយកូនចៅចិនរូបនេះ បានបញ្ជាក់ឱ្យដឹងថា៖រៀងរាល់ឆ្នាំ ខ្ញុំចំណាយថវិកាប្រមាណ២០០ ទៅ៣០០ដុល្លារ សម្រាប់ទិញផ្កាយកទៅដាក់តាំងលម្អនៅគេហដ្ឋាន ក្នុងពិធីបុណ្យចូលឆ្នាំចិន ហើយជំនឿមួយនេះ ខ្ញុំបានធ្វើបន្តពីតាយាយ និងឪពុកម្តាយតរៀងរហូតមក ។
សូមបញ្ជាក់ថា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៦នេះ ដែលនឹងឈានមកដល់នៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ដោយឡែកសម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ស្អែកនេះ ជាថ្ងៃសែនជីដូនជីតារបស់ជនជាតិចិន៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច