ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តី​គយ​ បន្តស្រាវជ្រាវនិងបង្ក្រាបបានសាច់មាន់បង្កកនាំចូលខុសច្បាប់ចំនួនជាង៣ ពាន់គីឡូក្រាម និងយកដុត​កម្ទេច​ចោល​

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ ដើម្បី​ទប់ស្កាត់​ការ​នាំចូល​សាច់​បង្កក​ ខូច​គុណភាព​ដែលក្រុមឈ្មួញ​ខិល​ខូច​មួយចំនួន​បា​នលួចនាំខុសច្បាប់​ តាមច្រកព្រំដែន​ពីប្រទេស​ជិតខាង​ កម្លាំង​មន្រ្តីជំនាញ​គយ​ និងរដ្ឋាករកម្ពុជា​ បានបន្តស្រាវជ្រាវនិងបង្ក្រាបបានសាច់មាន់បង្កកនាំចូលខុសច្បាប់រាប់ពាន់គីឡូក្រាមស្ទេីរៀងរាល់ថ្ងៃ និងបានយកដុត​កម្ទេច​ចោល​ផងដែរ។ 

ជាក់ស្ដែង​មន្ត្រីការិយាល័យស្រាវជ្រាវ​ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីនគរបាល កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ម្សិលមិញនេះ​ និងបានធ្វើការដុតកម្ទេចបំណែកសាច់មាន់បង្កកនាំចូលខុសច្បាប់ចំនួន ១៨៥ បាវ ស្មើនឹង ៣ ៧០០ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។

គួរបញ្ជាក់ថា​ បំណែកសាច់មាន់បង្កកនេះ ត្រូវបានបង្ក្រាបនិងដកហូតពីឈ្មួញដែលដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរ ២ គ្រឿង នាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕

ដោយ​៖ តារា​


ចែករំលែក៖