ខេត្តបន្ទាយមានជ័យ៖ ដើម្បីទប់ស្កាត់ការនាំចូលសាច់បង្កក ខូចគុណភាពដែលក្រុមឈ្មួញខិលខូចមួយចំនួនបានលួចនាំខុសច្បាប់ តាមច្រកព្រំដែនពីប្រទេសជិតខាង កម្លាំងមន្រ្តីជំនាញគយ និងរដ្ឋាករកម្ពុជា បានបន្តស្រាវជ្រាវនិងបង្ក្រាបបានសាច់មាន់បង្កកនាំចូលខុសច្បាប់រាប់ពាន់គីឡូក្រាមស្ទេីរៀងរាល់ថ្ងៃ និងបានយកដុតកម្ទេចចោលផងដែរ។
ជាក់ស្ដែងមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីនគរបាល កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ម្សិលមិញនេះ និងបានធ្វើការដុតកម្ទេចបំណែកសាច់មាន់បង្កកនាំចូលខុសច្បាប់ចំនួន ១៨៥ បាវ ស្មើនឹង ៣ ៧០០ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។
គួរបញ្ជាក់ថា បំណែកសាច់មាន់បង្កកនេះ ត្រូវបានបង្ក្រាបនិងដកហូតពីឈ្មួញដែលដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរ ២ គ្រឿង នាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕
ដោយ៖ តារា