ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖​ ក្មេងទំនើងចំនួន ៤៣នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ក្នុងរយៈពេល៥ថ្ងៃបន្ទាប់ពីចូលឆ្នាំខ្មែររួច

ចែករំលែក៖

ភ្នំពេញ​៖​ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០២៤នេះថា ក្នុងរយៈពេល៥ថ្ងៃបន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើងចំនួន៤៣នាក់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ​ បន្ថែម​ថា​ ក្រុមក្មេងទំនើងទាំងនោះ បានប្រព្រឹត្តសកម្មភាពផ្សេងៗគ្នាចំនួន២២ករណី ហើយក្នុងចំណោមករណីសរុបនោះ គឺ រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ និងខេត្តកណ្ដាល មានច្រើនជាងគេ។

ក្មេងទំនើង ជាក្រុមយុវជនប្រព្រឹត្តសកម្មភាពប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។ ក្នុងចំណោមការងារអាទិភាពចំនួន៦ ប្រមុខក្រសួងមហាផ្ទៃ បណ្ឌិត ស សុខា ក៏បានដៅយកការដោះស្រាយបញ្ហានេះដែរ។ សូមជម្រាបថា ករណីក្មេងទំនើងនៅតែកើតមានជាបន្តបន្ទាប់ ហើយក៏ត្រូវបានកម្លាំងនគរបាលបង្ក្រាបជាញឹកញាប់ផងដែរ ដោយឡែក កាលពីថ្ងៃ១៨ ដល់ថ្ងៃទី២៤ ខែមីនា ពោល គឺរយៈពេល១សប្តាហ៍ សមត្ថកិច្ចនគរបាលជាតិ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនក្មេងទំនើងចំនួន ៧២នាក់ ក្នុងករណីផ្សេងៗគ្នាចំនួន២៥ ករណី៕

ដោយ​៖ តារា​


ចែករំលែក៖