ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត គិន ភា សម្តែងការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង បន្ទាប់ពីមេដឹកនាំអតីតបក្សប្រឆាំងម្នាក់ បង្ហោះសារដ៏ល្ងិតល្ងង់ និងក្បត់ផលប្រយោជន៍ជាតិទាំងស្រុង

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង បន្ទាប់ពីមេដឹកនាំអតីតបក្សប្រឆាំងម្នាក់ បង្ហោះសារដ៏ល្ងិតល្ងង់ ព្រមទាំងបំភ្លៃ ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោរបស់កម្ពុជា។

សូមអានខ្លឹមសារទាំងស្រុងរបស់លោកបណ្ឌិត នៅខាងក្រោមនេះ៖ 

“ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំងដោយបានឃើញមេដឹកនាំអតីតបក្សប្រឆាំងម្នាក់ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានបង្ហោះសារដ៏ល្ងិតល្ងង់នៅក្នុងបណ្តាញសង្គមរបស់ខ្លួន ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោរបស់កម្ពុជា។

ខ្លឹមសារនៃសារនោះ ក្បត់ទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។ ខ្ញុំមិននឹកស្មានថា មកដល់សតវត្សរ៍ទី២១ទៅហើយ ក្នុងនាមជាអ្នកនយោបាយលេចធ្លោមួយរូបដែរ បែរជាមិនយល់ពីភូមិសាស្ត្រនយោបាយ និងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។

បើទោះបីជាសារនេះ ត្រូវសរសេរឡើងដើម្បីបំផ្លិចបំផ្លាញគម្រោងអភិវឌ្ឍន៍ជាតិ របស់គណបក្សកាន់អំណាចដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ឬត្រូវបានប្រើប្រាស់ដោយអ្នកជិតខាង ឬមហាអំណាចណាមួយក៏ដោយ តែការលើកឡើងបែបនេះ ជាអំពើដ៏ល្ងិតល្ងង់ និងក្បត់ទៅនឹងផលប្រយោជន៍ជាតិទាំងស្រុង។

បរទេសជិតខាងខ្លះធ្លាប់បានប្រើប្រាស់រួចហើយ នូវយុទ្ធសាស្ត្រខ្ចីដែកកេះរបស់កូនយើង ឱ្យយកមកដុតផ្ទះយើង ហើយប្រទេសយើងក៏ធ្លាប់រងគ្រោះដោយយុទ្ធសាស្ត្រនេះ យ៉ាងធ្ងន់ធ្ងរពីអតីតកាលមកហើយដែរ។

មកដល់ពេលនេះ ខ្មែរគ្រប់រូបល្មមយល់ហើយពីយុទ្ធសាស្ត្ររបស់បរទេស និងត្រូវឈ្វេងយល់ពីភាពបត់បែននៃភូមិសាស្ត្រនយោបាយ មិនត្រូវឆោតល្ងង់ឱ្យគេខ្ចីដៃប្រើប្រាស់ ហើយក្បត់នឹងផលប្រយោជន៍ជាតិខ្លួននោះទេ។

ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលត្រូវតែសាងសង់ព្រែកជីកនេះឱ្យបាន ដើម្បីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិយើង។ ពេលនេះជាងពេលណាៗទាំងអស់ ដែលខ្មែរយើងរួបរួមគ្នាយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាលជុំវិញគម្រោងព្រែកជីកដ៏មានសក្តានុពលនេះ” ។

សូមបញ្ជាក់ថា ៖ កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ «ព្រែកជីកហ្វូណនតេជោ» គឺប្រើសម្រាប់ការបង្កើនសេដ្ឋកិច្ចជាតិ និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណផងដែរ ចំពោះប្រជាពលរដ្ឋជាច្រើន ដែលបានយល់ពីសារៈសំខាន់នៃ«ព្រែកជីកហ្វូណនតេជោ» និងបានបញ្ចេញមតិគាំទ្រចំពោះគម្រោងព្រែកជីកនេះ ដើម្បីបង្កើនសេដ្ឋកិច្ចសង្គមជូនប្រជាពលរដ្ឋរាប់លាននាក់នៅទិសនារតី។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា ព្រែកជីកនេះ មិនត្រឹមតែបម្រើប្រជាពលរដ្ឋនៅទិសនារតីប៉ុណ្ណោះទេ ពោលគឺនឹងបានផលទៅដល់ប្រជាពលរដ្ឋនៅតាមទិសតំបន់ផ្សេងៗទៀត ដែលតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកនេះផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖