ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការមជ្ឈិមបក្សវៀតណាម បានយល់ព្រមឲ្យលោក Vuong Dinh Hue ចុះចេញពីមុខតំណែងប្រធានរដ្ឋសភា

ចែករំលែក៖

គណៈកម្មាធិការមជ្ឈិមបក្សបានសម្រេចឱ្យលោក Vuong Dinh Hue លាលែងពីតំណែងជាសមាជិកការិយាល័យនយោបាយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សទី១៣ និងជាប្រធានរដ្ឋសភា។
យោងតាមសេចក្តីថ្លែងការណ៍របស់មជ្ឈិមបក្សបានឱ្យដឹងថា នាថ្ងៃទី ២៦ មេសាគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ បានជួបប្រជុំដើម្បីពិចារណាដកលោក Vuong Dinh Hue សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភានីតិកាលទី១៥ អាណត្តិ ២០២១ – ២០២៦។
គណបក្សកុម្មុយនិស្តវៀតណាម កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសឱ្យដឹងថា ប្រធានសភានៃប្រទេសវៀតណាមបានសម្រេចលាលែងពីតួនាទី ក្រោមហេតុផល ដោយសារតែបានប្រព្រឹត្តកំហុស និងអសមត្ថភាព ខណៈនេះគឺជាសញ្ញាថ្មីមួយទៀត បង្ហាញឱ្យឃើញពីភាពវឹកវរផ្នែកនយោបាយរបស់ប្រទេសអាស៊ានមួយនេះ ដ្បិតប្រធានាធិបតីវៀតណាម ទើបតែត្រូវបានដកតំណែងកាលពីខែមីនា។
ប្រធានសភាវៀតណាម លោក Vuong Dinh Hue កន្លងមក ត្រូវគេមើលឃើញថា អាចជាបេក្ខជនបន្តវេនជា អគ្គលេខាធិការរបស់គណបក្សកុម្មុយនិស្តវៀតណាម ដែលជាតំណែងមានអំណាចធំបំផុត។ តួនាទីរបស់លោកជាប្រធានសភា ត្រូវបានចែងថាស្ថិតក្នុងចំណោម «សសរស្តម្ភ» ទាំង៤នៃថ្នាក់ដឹកនាំវៀតណាម។ ក្នុងសេចក្តីថ្លែងការណ៍ប្រកាសពីការលាលែងរបស់លោក Vuong គណបក្សកុម្មុយនិស្តវៀតណាម បាននិយាយថា «ការប្រព្រឹត្តខុសឆ្គង និងការខ្វះសមត្ថភាព របស់សមមិត្ត Vuong Dinh Hue បានធ្វើឱ្យសាធារណមតិមានភាពអវិជ្ជមាន ហើយប៉ះពាល់ដល់មុខមាត់របស់បក្ស របស់ប្រទេស ក៏ដូចជារបស់ខ្លួនលោកផ្ទាល់»។
កាលពីប៉ុន្មានថ្ងៃកន្លងទៅ មានសេចក្តីប្រកាសអំពីការចាប់ខ្លួន ជំនួយការលោកម្នាក់ ពាក់ព័ន្ធការស៉ើបអង្កេតអំពើពុករលួយ លើក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធមួយ។ ការលាលែងពីតំណែងរបស់លោក Vuong នេះទៀតសោត កើតមានឡើងក្រោយកាលពីខែមីនាកន្លងទៅ លោក Vo Van Thuong ត្រូវបានបង្ខំឱ្យលាលែងពីតំណែងជាប្រធានាធិបតី ក្រោមហេតុផលស្រដៀងគ្នា។ លោក Thuong គឺជាប្រធានាធិបតីវៀតណាមទី២ ដែលបានចុះចេញពីតួនាទី ក្នុងរយៈពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះ។ មកទល់ពេលនេះ បក្សកុម្មុយនិស្តវៀតណាម មិនទាន់តែងតាំងប្រធានាធិបតីថ្មីនៅឡើយទេ៕

ដោយ៖ ធីរីណា(រូប​ថត​៖ quochoi)


ចែករំលែក៖