ភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ ៥ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារខេត្ត នាំយកថវិកា រ៉ៃអង្គាសបានពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននៅក្នុងខេត្ត សរុប ៤២៣.៥៨៤.៨០០ រៀល និង ប្រាក់ដុល្លារ ចំនួន ៨.៩៣៩ ដុល្លារ ទៅប្រគល់ជូន ដើម្បីទ្រទ្រង់មូលនិធិ មន្ទីរពេទ្យគន្ធបុប្ផា។
ពិធីប្រគល់ទទួលនេះ បានធ្វើឡើងនៅថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២៤ នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ដោយមានសមាសភាពចូលរួម ពី លោក បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ លោកបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិស្វីស លោក ឃាន តួក អគ្គលេខាធិការរង និងជាប្រធានផ្នែកទំនាកទំនងនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកស្រី ថន កេណ្ណារ័ត្ន អគ្គលេខាធិការរង និងជាប្រធានផ្នែករដ្ឋបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក ចឿង ធានី ប្រធាននាយកដ្ឋាន និង ក្រុមការងារ នៃអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា ។
សូមរំលឹកថា ៖ រដ្ឋបាលខេត្តកំពង់ចាមបានបើកយុទ្ធនាការជិះកង់ជុំវិញភូមិសាស្ត្រខេត្តកំពង់ចាមរយ:ពេល ៧ថ្ងៃ ដើម្បីប្រមូលថវិកាជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ពោលគឺ ការជិះកង់រៃអង្គាសប្រមូលថវិកាពីសប្បុរសជននានា ក្នុងក្រុង ស្រុក ទាំង១០ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម គឺបានធ្វើឡើងបន្ទាប់ពីមានការណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផា។
ក្នុងយុទ្ធនាការនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំផែនការជិះកង់គូក ចេញទៅតាមគោលដៅ ក្រុង-ស្រុកទាំង១០ ដែលមានសមាសភាពចំនួន ៤០០នាក់ ហើយចំណុចដែលត្រូវចាប់ផ្តើមមុនគេ គឺនៅមុខសាលាខេត្តកំពង់ចាម ក្នុងគោលបំណងទទួលថវិកាពីសប្បុរសជន សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យដែលបានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា និងស្ត្រីមានផ្ទៃពោះរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗផងដែរ៕
ដោយ ៖ សិលា