ខេត្តស្ទឹងត្រែង៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ចុះថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ករណីសំណុំរឿងព្រហ្មទណ្ឌទទួលពីមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ រកឃើញគ្រឿងញៀនទម្ងន់ ២៤០គីឡូក្រាម កាំភ្លើងខ្លី១ដើម និងទ្រព្យសម្បត្តិមួយចំនួន ប្រព្រឹត្តនៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។
អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង សម្រេចចោទប្រកាន់ជនសង្ស័យចំនួន៩នាក់ (ជនជាតិឡាវ១នាក់) និងបក្ខពួក ពីបទល្មើសរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសម្អាតប្រាក់ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន មាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរវកម្ម។ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៥៧៧ អយ/២៤ ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានទទួល ចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៣៥ ចុះថ្ងៃ៣០ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និង សម្អាតប្រាក់ ពីការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងការិយាល័យ អប់រំផ្សព្វផ្សាយ (ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥ នាក់ និងដកហូតវត្ថុតាងរួមមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ២២០ (ពីររយម្ភៃគីឡូក្រាម) សារធាតុញៀនប្រភេទហេរ៉ូអ៊ុនទម្ងន់ ២០ (ម្ភៃគីឡូក្រាម) កាំភ្លើងកែច្នៃចំនួន ០២ ដើម កាំភ្លើងខ្លីម៉ាក MUCR19 RAOUDE ចំនួន ០១ ដើម គ្រាប់ចំនួន ២៤ គ្រាប់ រថយន្តម៉ាកសាំយ៉ុងពណ៌ស្លែ ផ្លាកលេខ2T-9330 ចំនួន ០១ គ្រឿង និងទូរស័ព្ទដៃចំនួន ០៩ គ្រឿង៕
ដោយ៖ តារា