ភ្នំពេញ ៖ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងថា ៖ វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ។ ស្រាប់តែសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការថា ៖បើចេះឲ្យគេកោតបើឆោតឲ្យគេអាណិត។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ ហេតុតែប្រឆាំងគ្រប់រឿងបានថ្មីៗនេះកាសែតប្រឆាំងដែលអះអាងថាមានមន្ត្រីគយនិយាយថាលោកគុណ ញឹម យកលុយមកសូកប្រពន្ធហ៊ុន ម៉ាណែតដើម្បីបានពន្យាអាយុចូលនិវត្តន៍ដល់ឆ្នាំ២០២៨។
សម្តេចបន្តថា ៖ មុនដំបូងខ្ញុំសម្រេចឲ្យចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥តែក្រោយមកតាមសំណើរឯកឧត្តម អូន ព័ន្ធមុនីរ័ត្ឋនិងពិនិត្យលើភាពចាំបាច់នៃកំណែទម្រង់គយនិងគុណសម្បត្តិរបស់សាមីខ្លួនខ្ញុំបានសម្រេចឲ្យឯកឧត្តមគុណ ញឹមចូលនិវត្តន៍នៅឆ្នាំ២០២៨។
បន្ថែមលើនោះខ្ញុំក៏បានសម្រេចឱ្យអគ្គនាយករងពីររូបទៀតបានចូលនិវត្តន៍នៅឆ្នាំ២០២៨ផងដែរដើម្បីក្លាយជាក្រុមដឹកនាំបន្តកំណែទម្រង់គយប្រកបដោយជោគជ័យ។
សម្តេចតេជោ បញ្ជាក់ថា ៖ សូមមើលឯកសារជូនភ្ជាប់ជាមួយដើម្បីមើលឲ្យឈប់ល្ងង់។ សូមពាក់វ៉ែនតាមើលផងប្រសិនភ្នែកមិនល្អជៀសវាងមើលច្រឡំថ្ងៃខែឆ្នាំ។
ចំណែកវីដេអូជាដំណាក់ទីមួយដែលខ្ញុំលើកឡើងខាងលើដែលមិនអាចយកមកជំនួសឯកសារនេះបានឡើយ។
ហេតុអ្វីបានពួកអ្នកមកវាយប្រហារប្រពន្ធហ៊ុន ម៉ាណែតដែលជាកូនប្រសារខ្ញុំទៅវិញឬមកពីល្ងង់?៕
ដោយ ៖ សិលា