ក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនប្ចេកវិទ្យាយក្សដ៏ធំ បានប្រកាសសន្យាថានឹងវិនិយោគទឹកប្រាក់ចំនួន 2.2 ពាន់លានដុល្លារអាមេរិកបន្ថែមទៀត នៅក្នុងប្រទេសម៉ាឡេស៊ីកាលពីថ្ងៃ ដើម្បីជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ Cloud និង AI ។
នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសចំនួនបីនៅអាស៊ីអាគ្នេយ៍ គឺឥណ្ឌូនេស៊ី ថៃ និងម៉ាឡេស៊ី បានថ្លែងថា “ថ្ងៃនេះ ក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួននឹងបណ្តាក់ទុនចំនួន 2.2 ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល 4 ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរឌីជីថលនៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាការវិនិយោគដ៏ធំបំផុតតែមួយគត់នៅក្នុងប្រវត្តិសាស្រ្ត 32 ឆ្នាំរបស់ខ្លួននៅក្នុងប្រទេសនេះ“។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក Nadella បានបង្ហាញការវិនិយោគចំនួន 1.7 ពាន់លានដុល្លារក្នុងប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់ដំបូងគេរបស់ប្រទេសថៃក្នុងសប្តាហ៍នេះ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធ Cloud និង AI ។
ចំណែកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានស្វាគមន៍ការសន្យានេះ ដោយចាត់ទុកថាជាភស្តុតាងនៃទំនុកចិត្តនៅក្នុង “ភាពស្និទ្ធស្នាលជាមួយវិនិយោគិន និងស្ថិរភាពនយោបាយ” របស់ប្រទេសម៉ាឡេស៊ី។
ក្រុមហ៊ុន Microsoft បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ 1992 ហើយឥឡូវនេះមានបុគ្គលិកជាង 200 នាក់នៅជាមួយនឹងការិយាល័យច្រើនកន្លែងក្នុងទីក្រុងគូឡាឡាំពួ និងនៅភាគខាងជើងរដ្ឋ Penang ៕
ដោយ៖ ភារៈ