ភ្នំពេញ ៖ ជំងឺត្បៀតបំពង់បង្ហួរនោម!!
១) អ្វីជាការត្បៀតបំពង់បង្ហួរនោម?
បំពង់បង្ហួរនោម គឺជាបំពង់នាំទឹកនោមចេញពីប្លោកនោមទៅខាងក្រៅរាងកាយមនុស្ស។ ធម្មតាបំពង់បង្ហួរនោមនេះ មានទំហំល្មមនិងប្រវែង 18 – 20cm ( សំរាប់មនុស្សប្រុស ) ប្រហែល 3 – 5 cm ចំពោះមនុស្សស្រី ។ នៅពេលមានវិបត្តិលំហូរទឹកនោមចេញមកក្រៅដោយសារបំពង់រួមតូច ឬនោមមិនចេញលើមនុស្សពេញវ័យជាពិសេសនោះ យើងត្រូវគឹតដល់ការរួមតូចឬការត្បៀតផ្លូវបង្ហួរនោម ។
២) កត្តាប្រឈមនាំឲ្យត្បៀតបំពង់បង្ហួរនោមមានអ្វីខ្លះ?
– គ្រោះថ្នាក់ចរចារចរណ៍ និងគ្រោះថ្នាក់ផ្សេងទៀត
– ការវះកាត់ប៉ះពាល់ដល់បំពង់បង្ហួរនោម (iatrogène)
៣) រោគសញ្ញារដែលយើងត្រូវដឹង ៖
– នោមខ្សោយ និងពិបាកនោម
– នោមញឹក ឬ រាគនោម
– នោមចេញមកមានខ្ទុះ
– ប្លោមនោមរីកតឹង
– មានភាពរឹងនៅផ្ទៃក្រោមលិង្គ (ផ្នែកខាងលើនៃតំបន់ត្បៀត)
– លិង្គឡើងពណ៌ក្រហម ឬហើម
៤) ការធ្វើរោគវិនិច្ឆ័យ និងអមគ្លីនិក ៖
នៅពេលមានលេចចេញរោគសញ្ញាមិនប្រក្រតីណាមួយនោះ យើងអាចនឹងធ្វើតេស្តមួយចំនួនរួមមាន៖
– ពិនឹត្យអេកូពោះ រកមើលបរិមាណទឹកនោមនៅសល់ក្នុងប្លោកនោម
– ការឆ្លុះមើលប្លោកនោម (Urétrocystoscopie )
– តេស្ត Postvoid volume residual ឬ PVR (វាស់បរិមាណទឹកនោមនៅសល់ក្នុងប្លោកនោម)
– ចាក់បញ្ចូលសារធាតុរាវ និងថតឆ្លុះមើលប្លោកនោមជាមួយបង្ហួរនោម ( urétrocystographie retrograde per mictionnelle )
– វិភាគរកមេរោគក្នុងទឹកនោម ( ECBU )
៥) វិធីសាស្ត្រនៃការព្យាបាល៖
ការព្យាបាលជំងឺត្បៀតបំពង់បង្ហួរនោម គឺជាការព្យាបាលដ៏លំបាក និងមានភាពស្មុកស្មាញបំផុតក្នុងការព្យាបាលវះកាត់ប្រពន្ធ័ទឹកម៉ូត្រ។ ការរួមត្បៀតឡើងវិញគឺជាចំណោទដែលត្រូវដោះស្រាយវាអាស្រ័យលើលក្ខណៈនៃការត្បៀតបំពង់បង្ហួរនោម ក៏ដូចជាបច្ចេកទេសព្យាបាលផងដែរ ។ ចំពោះវិធីសាស្រ្តនៃការព្យាបាលរួមមាន ៖
– ការពង្រីកផ្លូវបំពង់បង្ហួរនោម ( une dilatation itérative )
– ការពុះបំបែកកន្លែងត្បៀតដោយការឆ្លុះ ជាមួយកាំបិទតូច និងដោយកាំរស្មី ( Uréthrotomie interne endoscopie par lame froid ou par Laser )
ក្នុងករណីក្រោយពេលព្យាបាលដោយ Uréthrotomie interne par endoscopie មិនមានប្រសិទ្ធភាព ឬ ប្រវែងនៃការត្បៀតលើសពី 2cm ដូចនេះយើងអាចបន្ថែមលើបច្ចេកទេសមួយទៀតដែលហៅថា Uréthroplastie par lambeau muqeuse buccale គឺការយកភ្នាសស្តើងក្នុងក្រអូមមាត់ ធ្វើជាបំពង់បង្ហួរនោមថ្មី ។
ប្រសិនបើអស់លោក-លោកស្រី មានបញ្ហា ឬកំពុងជួបបញ្ហារបែបនេះ សូមប្រញាប់អញ្ជើញមកជួបជាមួយក្រុមគ្រូពេទ្យឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិគ្រោះ និង ព្យាបាលទាន់ពេលវេលា ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់។
នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សិលា