ខេត្តកណ្ដាល៖ ករណីឃាតកម្មប្តីយកខ្សែរឹតកប្រពន្ធយ៉ាងព្រៃផ្សៃកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៣និង០០នាទី នៅចំណុចភូមិក្បាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល រហូតមកដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នគរបាលខេត្តកណ្ដាល បានស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយ នៅចំណុចផ្សារនាគមាស រាជធានីភំ្នពេញ ។
មន្ត្រីនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ឈ្មោះ ម៉េង ថាន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ត្រូវជាប្ដីជនរងគ្រោះ) មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ។ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+) ។
ចំណែកជនរងគ្រោះឈ្មោះ ប្រាក់ ស្រីទូច ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។(មានស្នាមរិតក)។វត្ថុតាងដកហូតមាន៖ ១, ខ្សែ នីឡុង ពណ៍សលាយក្រហម ប្រវែង១,២៧ ម៉ែត្រ ,២,ដើមឬស្សី មានប្រវែង ៥,១០ ម៉ែត្រ។
ប្រភពដដែលបន្តថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ លុះមកដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៣និង០០នាទី ជនរងគ្រោះនិងជនសង្សយ័បានឈ្លោះប្រកែកគ្នានៅលើគ្រែក្នុងផ្ទះ ដោយជនសង្ស័យចោតជនរងគ្រោះថាលួចមានទំនាក់ទំនងជាមួយអតីតប្ដីក្រោយ ព្រមទាំងហាមមិនអោយជនរងគ្រោះទាក់ទងជាមួយគ្នាតទៅទៀត រួចនិយាយថាបើអញមិនបានអាណាក៏មិនបានដែរ បន្ទាប់ពីនិយាយរួចជនសង្ស័យបានយកខ្សែ ជ័រនីឡុង ដែលទុកលើជញ្ជាំងផ្ទះទុកសម្រាប់រែកស្ពែ យកមកចងរឹតកជនរងគ្រោះ០២ជុំ ដោយជនរងគ្រោះអង្គុយលើគ្រែ ជើងសំយ៉ុងចុះក្រោមហើយ ខ្លួនអង្គុយពីក្រោយយកដៃទាំង២ទាញខ្សែរឹតកសម្លាប់ជនរងគ្រោះ បន្ទាប់ពីជនរងគ្រោះស្លាប់ហើយជនសង្ស័យបានយកភួយគ្របសព រួចលីយកទៅទម្លាក់ក្នុងទន្លេរក្រោយផ្ទះមានចម្ងាយប្រហែល១០ម៉ែត្រពីផ្ទះកើតហេតុ ពេលដើរដល់មាត់ច្រាំងទន្លេក៏រអិលធ្លាក់សពចូលទន្លេ ដោយឃើញសពនៅក្បែរច្រាំងមើលឃើញច្បាស់ខ្កួនបានយកឈើឫស្សីរុញសពជនរងគ្រោះទៅអោយជ្រៅដើម្បីកុំអោយគេមើលឃើញ រួចគេចខ្លួនតែម្ដង។ លុះដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ម្ដាយជនរងគ្រោះបានប្រទះឃើញសពកូនអណ្តើតនៅក្នុងទន្លេ រួចក៏តេទូរសព្ទប្ដឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលកោះខ្សាច់ទន្លានិងកម្លាំងជំនាញព្រហ្មទណ្ឌស្រុកស្អាង បានសហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបច្ចេកទេសខេត្ត បានចុះដល់ទីតាំងកើតហេតុធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបាន។
រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២២និង៣០នាទីកម្លាំងជំនាញព្រហ្មទណ្ឌស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលកោះខ្សាច់ទន្លាបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន នៅចំនុចផ្សារនាគមាស រាជធានីភំ្នពេញ យកមកអនុវត្តតាមនីតិវិធី។
តាមចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតបានយកខ្សែនីឡុងពណ៌សលាយក្រហម ចងរិត ក សម្លាប់ជនរងគ្រោះរួចយកសពទៅបោះទម្លាក់ចូលក្នុងទន្លេ ដោយសារភ្លើងប្រចណ្ឌ ប្រាកដមែន។
បញ្ជាក់: ជនសង្សយ័ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល រយៈពេល៣ឆ្នាំ ពីបទ:ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាង ជ័យ