ភ្នំពេញ ៖ ព្រែកជីកហ្វូណន-តេជោ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា គូសបញ្ជាក់ថា មានផលប្រយោជន៍យ៉ាងហោចណាស់ចំនួន៤រួមមាន៖
ទី១៖ បង្កើតបណ្តាញដឹកជញ្ជូនតាមផ្លូវទឹកប្រទាក់ក្រឡាគ្នាពីទន្លេទៅសមុទ្រ ដោយមិនបាច់ឆ្លងកាត់បៀតណាម មិនបាច់បង់ថ្លៃបន្ថែម ឬមិនខកដំណើរពេលវៀតណាម មិនសប្បាយចិត្ត។ ទី២៖ បង្កើតប្រភពទឹកសម្រាប់ការស្រោចស្រពនៃទិសនិរតីនៃប្រទេសកម្ពុជា។ បង្កើនលទ្ធភាពបង្កបង្កើនផលច្រើនដង និងដោះស្រាយបញ្ហាគ្រោះរាំងស្ងួត។ ទី៣៖ ជួយរំដោះទឹកជំនន់នៅតាមខេត្តទិសនិរតីនៃប្រទេសកម្ពុជា ទី៤៖ បង្កើតប្រភពត្រីក្នុងព្រែក និងបម្រើដល់វារីវប្បកម្ម (ការចិញ្ចឹមសត្វក្នុងទឹកដូចជាចិញ្ចឹមត្រីជាដើម)។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា គម្រោងនេះនឹងចាប់ផ្តើមការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។ នេះការបញ្ជាក់ពី លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញធ្វើបាឋកថា ស្តីពី “គម្រោងព្រែកជីកហ្វូណនតេជោ” ជូនដល់សិស្ស និស្សិត សាស្ត្រាចារ្យ មន្ត្រីរាជការ និងសាធារណជន សរុបប្រមាណជាង ២០០០នាក់ នៅសាលសហសិក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដើម្បីបានជ្រាបកាន់តែលម្អិតពិស្ដារ និងស្រាយចម្ងល់នានា ពាក់ព័ន្ធគម្រោងផ្លូវទឹកប្រវត្តិសាស្ត្រនេះ កាលពីម្សិលមុិញ ៕
ដោយ ៖ សិលា