ខេត្តបន្ទាយមានជ័យ៖ រឿងរ៉ាវមួយបានកើតឡើងគួរឱ្យរន្ធត់ណាស់ ខណៈជនសង្ស័យម្នាក់បានផឹកទឹកប្ដូរនិស័្សយធ្វើឱ្យមានចិត្តក្លាហានបានកាប់ប្រល័យដៃគូត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទីទី០៦ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ។
សមត្ថកិច្ចប្រាប់ថា បានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សេង វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ បច្ចុប្បន្នស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅវេលាម៉ោង១២និង៥៥នាទីយប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះស្រាជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នឹម កុយ (ហៅម៉ាប់) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៧និង២០នាទីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចទល់មុខក្លិបកម្សាន្ត ស្តាស៊ី ធី ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ តាមការរៀបរាប់របស់ដើមបណ្តឹងនៅថ្ងៃកើតហេតុ ពួកគេមានគ្នាចំនួន០៥នាក់រួមជាមួយនិងឈ្មោះ សាក់ (ជនរងគ្រោះដែលស្លាប់) បាននាំគ្នាទៅអង្គុយផឹកស្រាថ្នាំនៅផ្ទះរបស់ឈ្មោះ ទូច បន្ទាប់មកទៀតបាននាំគ្នាទៅផឹកបន្តនៅវាលស្មៅទល់មុខក្លិបកម្សាន្តស្តាស៊ីធី ដែលជាកន្លែងពួកខ្លួនរើសអេតចាយ ពេលនោះជនដៃដល់ឈ្មោះ ម៉ាប់ (នឹម កុយ) បានជិះកង់មកដល់កន្លែងជនរងគ្រោះអង្គុយនិងបានសុំផឹកជាមួយគ្នា លុះក្រោយមកជនរងគ្រោះឈ្មោះ សាក់(ស្លាប់) និងជនដៃដល់បានទាស់ពាក្យសម្តីគ្នា ជនសង្ស័យបានដើរទៅយកញញួរពីក្នុងការុងរើសអេតចាយវាយទៅលើជនរងគ្រោះឈ្មោះ សាក់ពីខាងក្រោយ ត្រូវចំក្បាលជាច្រើនញញួរបណ្តាលឱ្យបែកឈាមស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកដើមបណ្តឹង(ឈ្មោះ សេង វាសនា) ក៏ត្រូវជនដៃដល់វាយចំនួន០២ញញួរដែរ ត្រូវចំក្បាលបណ្តាលឱ្យរងរបួសធ្ងន់។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានបញ្ជាក់ឲ្យដឹងថា៖ ការចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ាប់ (នឹម កុយ) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដកហូតវត្ថុតាងញញូរដែកថ្នាំងអំពៅកែច្នៃប្រវែង៣៩សង់ទីម៉ែត្រចំនួន០១ដើម ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកញញួរវាយទៅលើជនរងគ្រោះប្រាកមែន ព្រោះតែទាស់សម្តីគ្នាក្នុងពេលផឹកស៊ី ៕
ដោយ ៖ វណ្ណា