ខេត្តកោះកុង៖ អាជ្ញាធរជំនាញរដ្ឋបាលខេត្តកោះកុង កំពុងជំរុញអភិរក្សអណ្ដើកហ្លួង និងអភិវឌ្ឍន៍តំបន់មួយនេះឱ្យក្លាយ ទៅជាតំបន់អេកូទេសចរណ៍ ដែលទាក់ ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនា និងស្វែងយល់ពីប្រភេទសត្វដ៏កម្រមួយនេះដែលជាឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។
មជ្ឈមណ្ឌលអភិរក្សសត្វល្មូននេះ ស្ថិតនៅភូមិទួលគគីរ ឃុំទទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែល មជ្ឈមណ្ឌលអភិរក្សនេះ កំពុងថែទាំ អណ្ដើកហ្លួងសរុប ២៤៥ក្បាល និងមានមេពូជចំនួន ៥០ក្បាល (ញី ២៥ ក្បាល), កូនអណ្ដើកហ្លួងទើបញ៉ាស់ចំនួន ១២៣ក្បាល ដែលការចុះពិនិត្យនេះធ្វើឡើង កាលពីថ្ងៃទី០៥ ឧសភា ២០២៤។
សព្វថ្ងៃមជ្ឈមណ្ឌលក្នុងភូមិទួលគគីរនេះ បាននិងកំពុងដំណើរការសាងសង់ស្រះ ថែបំប៉នមេពូជចំនួនពីរបន្ថែមទៀត ដើម្បីបង្កាត់ពូជ ក្នុងគោលបំណងបង្កើនចំនួនពងកូនក្នុងមជ្ឈមណ្ឌល ដើម្បីយកទៅលែងចូលទីជម្រកធម្មជាតិរបស់វាវិញ ដោយតាមរយ:អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលផល និងស្ថាប័នពាក់ព័ន្ធនានានឹងគ្រោងប្រារព្ធពិធីសម្ភោធសម្មិទ្ធិផលក្នុងមជ្ឈមណ្ឌល រួមទាំងការលែងអណ្ដើកហ្លួង ចូលក្នុងទីជម្រកធម្មជាតិក្នុងប្រព័ន្ធព្រែកស្រែអំបិលជាលើកទីពីរក្នុងឆ្នាំ២០២៤នេះម្ដងទៀត ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។
លោកស្រី អ៊ី នារីនេត អភិបាលរងនៃគណៈអភិបាល ខេត្តកោះកុង ក៏បានជំរុញឱ្យក្រុមការងារអភិរក្សអណ្ដើកហ្លួង ខិតខំអភិរក្ស ធ្វើយ៉ាងណាឲ្យតំបន់មួយនេះ ក្លាយ ទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ តំបន់អេកូទេសចរណ៍មួយក្នុងខេត្ត ដែលអាចទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន ចូលមកទស្សនាកម្សាន្ត និងស្វែងយល់ពីប្រភេទសត្វដ៏កម្រដែលជាឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា អណ្តើកហ្លួង (Southern River Terrapin) ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN Red List ជាប្រភេទសត្វជិតផុតពូជ ហើយត្រូវបានគេជឿថា បានផុតពូជម្តងរួចមកហើយ រហូតត្រូវបានរកឃើញឡើងវិញ តាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងឆ្នាំ២០០០ កន្លងទៅ។ លទ្ធផលនេះ បានបញ្ជាក់ពីកិច្ចខិតខំប្រឹង ប្រែង ក្នុងការងារអភិរក្ស រួមទាំងការការពារសំបុក និងការអភិរក្សដោយមានការចូលរួមពីសហគមន៍ ជាងពីរទសវត្សរ៍មកនេះ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ សូរិយា