ភ្នំពេញ ៖ រថយន្តបែនដឹកដីបើកលឿនវ៉ាជែងរថយន្តខាងមុខ ចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលបុកជាមួយរថយន្តសណ្តោងទូកុងតឺន័រ បើកបញ្ច្រាសទិសគ្នា ខ្ទាតទៅកៀរបង្គោលភ្លើង បណ្តាលឲ្យ របួសអ្នកបើកបររថយន្តកុងតឺន័រម្នាក់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតកើតឡើងកាលពីម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបែនដឹកដី ម៉ាកSCANIA ពណ៌ស ពាក់ស្លាកលេខ ពាក់ស្លាកលេខ ភ្នំពេញ 3F-1429 បើកក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តខាងមុខ ចូលទៅគន្លងផ្លូវម្ខាងទៀត ក៏ជ្រុលបុកជាមួយរថយន្តសណ្តោងទូកុងតឺន័រ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-2850 កន្ទុយសណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-7662កំពុងបើកពីលិចទៅកើតច្រាសទិសគ្នា បណ្តាលឱ្យរថយន្តបែនខ្ទាតទៅកៀរបង្គោលភ្លើង ក្បាលរថយន្តកុងតឺន័រប៉ើងបត់ត្រឡប់ក្រោយ បណ្តាលឲ្យអ្នកបើកបររងរបួសម្នាក់ចំណែករថយន្តខ្ទេចមុខទាំង២គ្រឿង ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ ចំណែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចចុះមកវាស់វែង រួចប្រគល់ឱ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ស្ទូចយកទៅរក្សាទុក រង់ចាំភាគីសងខាងចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ ជ្រោយពេជ្រ