ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរាប្រគល់លិខិតថ្លែងអំណរគុណ សប្បុរសជនអ្នកបរិច្ចាគសមុច្ច័យ ជូនសារមន្ទីរចំនួនពីរក្នុងខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ សប្បុរសជន ចំនួន១៩រូប ដែលកន្លងមក បានស្ម័គ្រចិត្តបរិច្ចាគសមុច្ច័យ មួយចំនួន ជូនមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីថែរក្សាទុក និងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ បានទទួលលិខិតថ្លែងអំណរគុណពីអាជ្ញាធរជាតិអប្សរា។

អ្នកស្រី តូច រដ្ឋា អាយុ៦០ឆ្នាំ និងអ្នកស្រី គង់ សុភ័ក្រ ប្រជាពលរដ្ឋរស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានបរិច្ចាគសំពត់ហូល ជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីបានឱ្យដឹងថា ពួកគាត់សប្បាយរីករាយ ក្រោយពេលបានប្រគល់សំពត់ហូល ជារបស់មានតម្លៃក្នុងគ្រួសារ ថែរក្សាទុកជាយូរមកហើយ ជូនមកកាន់សារមន្ទីរ ដោយមានជំនឿថា សារមន្ទីរអាចថែរក្សាវត្ថុមានតម្លៃទាំងនោះ បន្តទុកឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញនិងស្គាល់នូវសំពត់ ជាស្នាដៃរបស់ចាស់ៗពីដើម ដែលត្បាញដោយផ្ទាល់ដៃ។ ក្នុងពេលអញ្ជើញមកទទួលលិខិតថ្លែងអំណរគុណ ពីអាជ្ញាធរជាតិអប្សរា អ្នកស្រី រួមទាំងបងប្អូនសប្បុរសជនដទៃទៀត សប្បាយរីករាយ ដែលបានឃើញសារមន្ទីរតាំងបង្ហាញនូវសមិទ្ធផលដែលពួកគាត់បានប្រគល់មក ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនា។

លោក សែន គឹមស៊ុន នាយកស្ដីទីសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា សមុច្ច័យទទួលបានពីសប្បុរសជន ទាំងនៅក្នុងខេត្តនិងបណ្តាខេត្តនានា សរុបចំនួន២១សមុច្ច័យ មានជាប្រភេទ ហូល អន្លួញ ស៊ឹង សំពត់ចរបាប់ អាវកកុតត្រង់ និងប្រភេទសម្លៀកបំពាក់របស់បងប្អូនជនជាតិដើមភាគតិច រស់នៅខេត្តរតនគិរី ដោយសមុច្ច័យទាំងនោះ មានអាយុកាលចន្លោះពី១០ឆ្នាំ ទៅ៥០ឆ្នាំ ភាគច្រើនជារបស់ត្បាញដោយដៃ។ 

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែង ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តបរិច្ចាគសមុច្ច័យ មកកាន់សារមន្ទីរ។ ទាំងនេះជាការបង្ហាញឱ្យឃើញនូវការស្រឡាញ់ ចូលរួមថែរក្សាអត្តសញ្ញាណរបស់ជាតិខ្មែរ ព្រោះថាបើសិនទុកនៅក្នុងផ្ទះ មិនបានថែរក្សាឱ្យបានត្រឹមត្រូវ សមុច្ច័យទាំងនោះនិងមានការបាត់បង់។ លោកបញ្ជាក់ថា ក្រោយទទួលបានការបរិច្ចាគពីសប្បុរសជន សារមន្ទីរបានយកសមុច្ច័យទាំងនោះមកថែរក្សា ជួសជុល និងដាក់តាំងពិព័រណ៍ ជូនសាធារណៈជនបានទស្សនានិងឈ្វេងយល់៕

ដោយ៖ សូរិយា


ចែករំលែក៖