ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបងបានអោយដឹងនៅព្រឹកថ្ងៃ១៣ខែឧសភាឆ្នាំ២០២៤នេះថា មានករណីក្មេងប្រុសម្នាក់ត្រូវបានព្រះភូមិខាងមុខផ្ទះធ្លាក់សង្កត់ពីលើបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មនៅវេលាម៉ោង១១និង០០នាទី ហើយហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្រុមទី២០ ភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថា សាកសពក្មេងរងគ្រោះឈ្មោះសាវ វណ្ណៈឧត្តម ភេទប្រុស អាយុ០៣ឆ្នាំ រស់នៅភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលនៅមុនពេលកើតហេតុខណៈដែលឪពុកម្តាយមិនបាននៅផ្ទះ ក្មេងរងគ្រោះនិងបក្សពួកបងប្អូន២នាក់ផ្សេងទៀតបាននាំគ្នារត់លេងនៅមុខផ្ទះជុំវិញព្រះភូមិ ក្រោយមកក៏មានការភ្ញាក់ផ្អើលស្រែកឆោឡោ ទើបឈ្មោះ ឡេន ដូច អាយុ៣៥ឆ្នាំ ដែលត្រូវជាបងប្រុសជីដូនមួយចេញពីផ្ទះទៅមើលក៏ឃើញក្មេងរងគ្រោះរងរបួសបែកមុខមាត់ដោយសារព្រះភូមិធ្លាក់មកត្រូវ និងបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសពបានសន្ឋិដ្ឋានថា ក្មេងរងគ្រោះពិតជាស្លាប់ដោយសារព្រះភូមិធ្លាក់សង្កត់ពីលេីពឹតប្រាកដមែន។
បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារដើម្បីរៀបចំធ្វើកិច្វតាមប្រពៃណី៕
ដោយ៖ ចន្ទ លីហ្សា