ខេត្តសៀមរាប ៖ «នំអាកោត្នោតភូមិព្រះដាក់»៖ ធ្វើក្តៅៗថ្មីៗ ទន់ល្មើយ ផ្អែមល្មម មានអនាម័យ មានសុវត្ថិភាព និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក១០០% ដែលដាំដោយខ្មែរ ផលិតដោយខ្មែរ និងជួយលើកស្ទួយជីវភាពក្នុងសហគមន៍! ពិតជាស័ក្តិសមជាអត្តសញ្ញាណជនបទដ៏ទាក់ទាញមួយនៃអ្នកបន្ទាយស្រី ដែលអ្នកទេសចរជាតិ និងអន្តរជាតិមិនគួររំលង។ នេះជាការលើកឡើង របស់លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។
លោក ឃឹម ហ្វីណង់ សូម អរគុណឯកឧត្តមរដ្ឋមន្ត្រី ដែលបានជួយគាំទ្រដល់កសិផលកែច្នៃដ៏វិសេសវិសាលរបស់បងប្អូនសហគមន៍យើងមួយនេះ! ។
សូមបញ្ជាក់ថា ៖ ភូមិព្រះដាក់ ជាភូមិដែលប្រវត្តិយូរអង្វែង ត្រូវបានកសាងឡើងប្រមាណជា៣០០ ទៅ ៤០០ឆ្នាំ ដែលភូមិនេះ មានឈ្មោះផ្សេងៗគ្នាជាច្រើនទៅតាមជំនឿរឿងព្រេងនិទានរបស់អ្នករស់នៅទីនោះ ដូចជា ព្រះដាក់ បដាក ឬប្រដាក ជាដើម។
ភូមិព្រះដាក់ ដែលជាភូមិមួយមានទីតាំងនៅ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាភូមិដែលដែលទាក់ទាញភ្ញៀវទេសចរណ៍ទៅលេងច្រើន ដោយសារភូមិ ព្រះដាក់ ល្បីនៅមុខម្ហូប «នំបញ្ចុក» ភូមិព្រដាក់ ដែលមានរសជាតិឆ្ងាញ់ប្លែកខុសពីគេ ជាពិសេស ការ និយាយ សំនៀង រដឺនរបស់អ្នកស្រុក ដែលពីរោះ រណ្តំ គួរឱ្យ ចាប់ចិត្ត ចង់ ស្តាប់។
ឃុំព្រះដាក់ គឺជា ឃុំមួយ ដែល គេ ឃើញ ប្រជាពលរដ្ឋ ប្រកប របរ លក់ ដូរផ្សេងៗ គ្នានៅ ខាង មុខ ផ្ទះ របស់ ពួកគេ។ ឃុំ នេះ គឺ ស្ថិត នៅមិន ឆ្ងាយ ពី ក្រុង សៀមរាប ប៉ុន្មាន នោះ ទេ និង មានចម្ងាយ ពី ប្រាសាទ អង្គរវត្ត ត្រឹម តែ ១២ គីឡូម៉ែត្រ តែ ប៉ុណ្ណោះ និង ចម្ងាយប្រមាណ ២ ,៥គីឡូ ម៉ែត្រ ពី បារាយណ៍ ខាង កើត ។
ជាទូទៅ អាជីវករអ្នកលក់ដូរនៅក្នុងភូមិព្រះដាក់ ដែលភាគច្រើនជាអ្នកលក់មាន់អាំងកង្កែបបោប នឹងងាកមកប្រើស្លឹកឈូក ស្លឹកចេក និងខ្សែសង្វារចេកសម្រាប់ការវេចខ្ចប់ជំនួសវិញ ដែលជាជម្រើសដ៏ល្អប្រសើរមួយសម្រាប់បរិស្ថាន ក៏ដូចជាបានជួយគាំទ្រដល់ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកផងដែរ ៕
ដោយ ៖ សិលា