ព័ត៌មានទាន់ហេតុការណ៍៖

ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានឹងលែងលំបាកទៀតហើយ ក្រោយ «ព្រែកជីកហ្វូណនតេជោ» សាងសង់រួចរាល់

ចែករំលែក៖

ភ្នំពេញ ៖ ថ្មីៗនេះ ក្នុងឱកាសថ្លែងសារពិសេសស្តីពី «ព្រែកជីកហ្វូណនតេជោ» ដែលផ្សាយចេញពីទីក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានគូសបញ្ជាក់ថា ៖ ក្រោយ «ព្រែកជីកហ្វូណនតេជោ» សាងសង់រួចរាល់ រាល់បញ្ហាលំបាកនានាដែលកម្ពុជាបាននិងកំពុងជួបប្រទះ នឹងលែងមានទៀតហើយ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ៖ ព្រែកជីកហ្វូណនតេជោ កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដោយកម្ពុជាទាំងស្រុង ក្នុងបំណងបម្រើឱ្យតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងឯករាជ្យភាពខាងនយោបាយលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក។ គម្រោងនេះនឹងផ្ដល់ផលចំណេញយ៉ាងធំធេងដល់កម្ពុជា ដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូនបានប្រវែងចាប់ពី ១៣៥គម ដល់ ១៩៦គម, ការដឹកជញ្ជូនបានច្រើនទូកុងតឺន័រក្នុងមួយជើង, ការចំណេញខាងការប្រកួតប្រជែងតម្លៃដែលនឹងជួយដល់ការទាក់ទាញវិនិយោគទុនពីក្រៅប្រទេស, ការបង្កើតបាននូវប្រព័ន្ធស្រោចស្រពនៅទិសនិរតី, ការរំដោះទឹកជំនន់នៅភាគនិរតី, ការជួយបង្កើនការដាំដុះនៅភាគនិរតីដែលនឹងជួយដល់ការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ, ហើយប្រជាពលរដ្ឋនៅតំបន់នោះនឹងទទួលបានផលនេសាទតាមដងព្រែកនេះនិងពីវារីវប្បកម្ម ព្រមទាំងវិស័យទេសចរណ៍នៅតាមដៃព្រែក ដែលជាផ្នែកមួយនៃក្របខ័ណ្ឌ «តារារះនៅទិសនិរតី» ទៀតផង។

ជាមួយគ្នានេះ សម្ដេចតេជោ បានគូសបញ្ជាក់បន្ថែមថា ក្រោយពីព្រែកជីកហ្វូណនតេជោ សាងសង់រួចរាល់ រាល់បញ្ហាលំបាកក្នុងដឹកជញ្ជូនទំនិញឆ្លងកាត់ដែនទឹកវៀតណាមនឹងលែងមានទៀតហើយ ដោយកម្ពុជានឹង៖

១. បំពេញបែបបទស្នើសុំការអនុញ្ញាតឆ្លងកាត់នឹងនាវាតែមួយកន្លែងក្នុងទឹកដីកម្ពុជា។

២. ត្រួតពិនិត្យតាមនីតិវិធីផ្ទៃក្នុងរបស់កម្ពុជា មិនមានការលើកដាក់ទំនិញច្រើនដង ហើយនាវាអាចធ្វើដំណើរបានទាំងថ្ងៃទាំងយប់។ 

៣. ចំពោះការបង់ថ្លៃផ្លូវទឹក ក៏ធូថ្លៃជាងផងដែរ។

សម្ដេចតេជោបានបន្ដថា ការដឹកជញ្ជូននៅក្នុងប្រទេសរបស់យើង នៅពេលដែលជីកព្រែករួចរាល់ យើងនឹងចំណាយទៅលើតែចំណតកំពង់ផែនិងចម្ងាយផ្លូវដែលជិតជាងមុនប៉ុណ្ណោះ ពោលគឺចាយតិចជាងការដឹកជញ្ជូនឆ្លងកាត់តាមប្រទេសវៀតណាមឆ្ងាយណាស់។

ទន្ទឹមនោះ សម្ដេចតេជោក៏បានឆ្លៀតបង្ហាញពីតារាងប្រៀបធៀបផលចំណេញលើចម្ងាយផ្លូវ ដែលប្រសិនបើដឹកជញ្ជូនពី កំពង់ផែស្វ័យតភ្នំពេញ ទៅកំពង់ផែ Cat Lai របស់វៀតណាម គឺនឹងមានចម្ងាយ ៣៧២គម តែបើដឹកជញ្ជូន ពីកំពង់ផែស្វ័យតភ្នំពេញ ទៅកំពង់ផែកំពត នោះនឹងមានចម្ងាយត្រឹមតែ ២៣៧គម ពោលគឺយើងនឹងចំណេញ ១៣៥គម។ ក៏ប៉ុន្តែ ការដឹកជញ្ជូនទៅកំពង់ផែ Cat Lai របស់វៀតណាម ធ្វើបានតែនៅរដូវវស្សាប៉ុណ្ណោះ។ ជាមួយគ្នានេះ នៅរដូវប្រាំង យើងត្រូវដឹកជញ្ជូនទំនិញពីកំពង់ផែស្វ័យតភ្នំពេញ ទៅកំពង់ផែ Cai Mep របស់វៀតណាម ដែលមានចម្ងាយផ្លូវ ៤៣៣គម ខណៈដែលការដឹកជញ្ជូនពីកំពង់ផែស្វ័យតភ្នំពេញទៅកំពង់ផែកំពត មានចម្ងាយត្រឹមតែ ២៣៧គម ដូច្នេះយើងនឹងអាចចំណេញបានជាង ១៩៦គម។

ជាមួយគ្នានោះដែរ សម្ដេចតេជោក៏បានរំលឹកផងដែរថា ព្រះករុណា ព្រះបាទអង្គដួង បានគិតគូរពីបញ្ហានេះតាំងពីឆ្នាំ១៨៤០ ឬក្រោយនោះបន្ដិចមកម៉្លេះ ដោយក្នុងនោះព្រះអង្គបានសាងសង់ផ្លូវ១ខ្សែ (បច្ចុប្បន្នគឺផ្លូវលេខ៥១ តភ្ជាប់ទៅផ្លូវ៤១) ដែលគេហៅថា ផ្លូវព្រះបាទអង្គដួង ឆ្ពោះទៅកាន់សមុទ្រ។ ដូច្នេះហើយ ព្រះអង្គមិនមែនមិនបានគិតគូរពីរឿងជីកព្រែកនេះនោះទេ គ្រាន់តែនៅពេលនោះខ្មែរយើងនៅមិនទាន់មានលទ្ធភាពធ្វើបាននៅឡើយ។

បន្ថែមពីលើនេះ សម្ដេចតេជោក៏បានរំលឹកពីផលលំបាកក្នុងទសវត្សរ៍ទី៦០ ផងដែរ ពោលគឺនៅពេលដែលវៀតណាមខាងត្បូង មានជម្លោះជាមួយកម្ពុជា កម្ពុជាមិនអាចធ្វើពាណិជ្ជកម្មក្រៅប្រទេសដោយដឹកជញ្ជូនទំនិញតាមទន្លេមេគង្គបានទេ។ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា សូម្បីតែបច្ចុប្បន្ននេះដែលយើងមានកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវទឹកជាមួយវៀតណាមទៅហើយក្ដី  និងបើទោះបីជាទំនាក់ទំនងរវាងសម្ដេចជាមួយមេដឹកនាំវៀតណាមមានភាពល្អប្រសើរយ៉ាងណាក្ដី ក៏យើងនៅតែពិបាកដដែល។  ហេតុនេះហើយ កម្ពុជាត្រូវការឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីធានាដល់ការប្រកួតប្រជែងខាងសេដ្ឋកិច្ច ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់។ 

មន្ត្រីជាន់ខ្ពស់មួយរូបបានលើកឡើងថា ៖ 

តើអ្វីទៅជា «គម្រោងព្រែកជីកហ្វូណនតេជោ»?

លោកថា ៖ ជាដំបូងខ្ញុំ និងក្រុមគ្រួសារពិតជាមានមោទនភាព និងសូមគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍ផ្តួចផ្តើមដ៏ច្បាស់ម៉ឺងម៉ាត់ច្បាស់លាស់ ក្នុងការឆ្លើយតបប្រឆាំងទៅនឹងជនបរទេស+ជននយោបាយជ្រុលនិយមអគតិមកលើគម្រោងនេះរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានាប៉ុន្មានថ្ងៃនេះ។ 

«គម្រោងព្រែកជីកហ្វូណនតេជោ» នឹងក្លាយជាមូលធនដ៏មហិមានាសម៏យទំនើប ប្រៀបដូចជាមរតកថ្មីដូចនឹងមរតកប្រវត្តិសាស្រ្តដែលបន្សល់ទុកដោយដូនតាខ្មែរ។

សមិទ្ធផលនៃគម្រោងនេះនឹងផ្តល់ជារបត់មួយដ៏មហិមាដល់កម្ពុជាងើបមុខងើបមាត់ក្នុងឋានៈអច្ឆរយៈប្រទេសក្នុងអតីតកាលដ៏ផូរផង់។ គម្រោងព្រែកជីកនេះនឹងកំណត់សាជាថ្មីនូវ ឥទ្ធិពល សក្តានុពល ឯករាជ្យភាព អធិបតេយ្យភាព មិនរណបអ្នកដទៃរបស់កម្ពុជានាអនាគតដ៏ខ្លី ក្នុងតំបន់និងសកលក្នុងន័យ៖

១) ចរាចរណ៍ទំនិញនិងមនុស្ស ភស្តុភារកិច្ចក្នុងតម្លៃថោក និងផាសុខភាព

២) កសិកម្មរីកលូតលាស់. ធនធានទឹកនឹងគ្រប់គ្រងបានយ៉ាងប្រពៃ

៣) កម្មន្តសាលផ្ទុះឡើងយ៉ាងខ្លាំង

៤) ទីកំសាន្តល្អ ជំរុញទេសចរណ៍ដ៏ប្រសិទ្ធិ

៥) លើកកម្ពស់សុខមាលភាពតំបន់ជនបទ កាត់បន្ថយគម្លាតលម្អៀងនៃកាេអភិវឌ្ឍរវាងទីក្រុងនិងជនបទ

៥) ជម្រុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដើម្បីសម្រេចគោលដៅ និងទស្សនវិស័យដែលកំណត់ក្នុងគោលនយោបាយជាតិ និងយុទ្ធសាស្រ្តបញ្ចកោណរបស់ជាតិយើងទាំងមូល។

សូមអរគុណជាអនេក្បការចំពោះសម្តេចតេជោស្ថានិកដ៏ពិសិដ្ឋនៃ«គម្រោងព្រែកជីកហ្វូណនតេជោដ៏មហិមាមួយនេះ»៕

ដោយ ៖ សិលា


ចែករំលែក៖