ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលរាជធានីភ្នំពេញបង្ហាញមុខ និង បញ្ជូនទៅកាន់តុលាការ នូវក្រុមក្មេងទំនើង«សប្បាយបោះគេ»(SBK)ចំនួន៨នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមក្មេងទំនើង«សប្បាយបោះគេ»(SBK)ចំនួន៨នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវ ឃាត់ខ្លួននិងធ្វើសន្និសីទកាសែតបង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៤នេះ។

នៅក្នុងសន្និសីទកាសែត លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយអនុវត្តមានបទបញ្ជាឯកឧត្តមឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលបន្ទុកដឹកនាំការិយាល័យ ,កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌ កំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវជាច្រើនថ្ងៃហើយឈានទៅ ឃាត់ខ្លួនបានក្រុមក្មេងទំនើងចំនួន៨នាក់កាលពីថ្ងៃទី២០ខែ ឧសភា ឆ្នាំ ២០២៤នេះដែលបានបង្កហឹង្សា ដោយចេតនាមានស្ថានទង្ងន់ទោស និងលួចមានស្ថានទង្ងន់ទោស បង្កអោយជនរងគ្រោះមានរបួសស្នាម។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា ក៏បានបញ្ជាក់អោយដឹងទៀតថា ក្រុមក្មេងទំនើងឈ្មោះ ក្រុម SBK ( សប្បាយបោះគេ )បានធ្វើសកម្មភាពចំនួន៤ករណីក្នុងរយៈពេល៣ខែ ខែមីនា មេសា និងខែឧសភា ឆ្នាំ ២០២៤នេះ។ក្រុមនេះ  បានធ្វើសកម្មភាពយ៉ាងសាហាវ  ដែលមានគ្នា ចំនួន ប្រមាណ២០នាក់ ហើយឃាត់បាន៨នាក់នៅសេសសល់មួយចំនួនទៀតសមត្ថកិច្ច នឹងស្រាវជ្រាវ បង្ក្រាបបន្តទៀត ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានអោយដឹងទៀតថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដាក់ចេញនូវវិធានការ បង្ការ បង្ក្រាបក្មេងទំនើង ហើយរយៈពេលចុងក្រោយនេះសកម្មភាពក្មេងទំនើងមានសកម្មភាពផុសផុល។នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ ២០២៤យើងបានបង្ក្រាបបានចំនួន៣៣៧ករណី ឃាត់ខ្លួនបានចំនួន៧៨៨នាក់ ក្នុងនោះបានប្រើវិធានការអប់រំចំនួន៩៣ករណី និងបញ្ជូនទៅកាន់តុលាការ ចំនួន២៤១ករណី។

 លោកវរសេនីយ៍ឯក សំ វិច្ឆិកា ក៏បានអំពាវនាវដល់អាណាព្យាបាល លោកគ្រូអ្នកគ្រូសូមចូលសហការជាមួយសមត្ថកិច្ច ដើម្បី បង្ការទប់ស្កាត់ក្រុមក្មេងទំនើងព្រមទាំងអំពាវនាវ ដល់ក្រុមក្មេងទំនើងផ្សេងៗទៀត ដែល ពុំទាន់ត្រូវបានចាប់ខ្លួនកំពុងបង្កអសន្តិសុខ ក្នុងសង្គម សូមអោយដកខ្លួនថយជាបន្ទាន់។បើនៅតែបន្តធ្វើសកម្មភាព សមត្ថកិច្ច នឹងអនុវត្តបន្តបន្ទាប់ទៀត៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖