ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង អញ្ចើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគារធ្វើការថ្មី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៥ ក្នុងខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ជំនួសមុខឲ្យ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលបានប្រឹងប្រែងបំពេញភារកិច្ចប្រកបការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្តិភាព ក្នុងខេត្តស្វាយរៀង។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏បានឯកភាព និងគាំទ្រទាំងស្រុងនូវរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត និងមតិរបស់ លោក អភិបាលខេត្តស្វាយរៀង ពិសេសអបអរសាទរនូវសមិទ្ធផលថ្មី ដែលកំពុងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ ដែលជាតម្រូវការចាំចាច់មិនអាចខ្វះបាន ដើម្បីឲ្យកងកម្លាំងនគរបាលយើងមានកន្លែងបំពេញការងារ និងស្នាក់នៅបានសមរម្យ ដើម្បីធានានូវកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អប្រសើរ។
ក្នុងឱកាសនេះផងដែរ លោកអគ្គស្នងការងនគរបាលជាតិ ក៏បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងនគរបាលជាតិទាំងអស់ នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម៖
– ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាព ឲ្យបានល្អប្រសើរ
– ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ និងវិន័យរបស់កងកម្លាំងនគរបាលជាតិ
– ត្រូវយកចិត្តទុកដាក់អនុវត្តតាមការណែនាំ ចង្អុលបង្ហាញ តម្រង់ទិស របស់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ឲ្យបានម៉ឺងម៉ាត់
– ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ផ្អែកលើលក្ខណៈសម្បត្តិ ទាំង៧យ៉ាង ឲ្យកាន់តែផុលផុស និងកាន់តែមានប្រសិទ្ធភាព និងបន្តខិតខំការពារ ទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសគ្រប់ប្រភេទ ដែលបានកើតឡើង ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម ក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់គ្រប់ ប្រភេទនៅតាមមូលដ្ឋាន
– ពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ដូចជាបំប៉នជំនាញឯកទេសស្រាវជ្រាវ បច្ចេកទេសវិទ្យាសាស្ត្រ និងនីតិវិធីកសាងសំណុំរឿង ជាពិសេសសមត្ថភាពមន្ត្រីឲ្យស្របតាមការរីកចម្រើននៃសម័យបច្ចេកវិទ្យាដែលបច្ចុប្បន្នបទល្មើសបច្ចេកវិទ្យាកំពុងតែមានការកើតឡើងគួរយកចិត្តទុកដាក់
– ត្រូវមានវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អនៅទូទាំងខេត្ត ជាពិសេសដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សខេត្ត ក្រុង-ស្រុក អាណត្តិទី៤នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ
– ត្រូវថែរក្សាអគារធ្វើការដែលជាសមិទ្ធផលថ្មីនេះឲ្យបានគង់វង្ស និងឆ្លៀតពេលដាំដំណាំចិញ្ចឹមសត្វដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃដល់កងកម្លាំងនគរបាលជាតិ
– ប្រឆាំងការជួញដូរមនុស្ស បង្កើនការងារប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ពិសេសលើស្ត្រី និងកុមារដោយជំរុញការស្រាវជ្រាវ ស្វែងរកមនុស្សក្នុងពេលមានសំណូមពរពីគ្រប់ប្រភព។
– បង្ក្រាបករណីក្មេងទំនើងឲ្យខានតែបាន ដោយត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងក្មេងទំនើង ដើម្បីបង្កើនការតាមដានគ្រប់សកម្មភាព និងធ្វើការគ្រប់គ្រងមុខសញ្ញាក្រុមក្មេងទំនើងតាមគ្រឹះស្ថានសិក្សា សហគមន៍ ភូមិ- ឃុំ-សង្កាត់ ដើម្បីមានវិធានការបង្ក្រាប ដោយចាត់វិធានការរដ្ឋបាល វិធានការច្បាប់ឲ្យបានហ្មត់ចត់ ដែលតែងតែបង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋានការងារសណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ផ្លូវគោក បង្កើនវិធានការផ្សព្វផ្សាយអប់រំ តាមគ្រប់ មធ្យោបាយ គ្រប់រូបភាព គ្រប់គោលដៅ ដើម្បីចូលជ្រៅដល់ខ្នងផ្ទះ និងក្រុមគ្រួសារប្រជាពលរដ្ឋអំពីច្បាប់គ្រោះថ្នាក់ចរាចរណ៍នៅតាមមូលដ្ឋាន គ្រប់វេទិការនានាតាមបណ្តាគ្រឹះស្ថានសិក្សាបណ្តារោងចក្រអ្នកបើកបរដឹកកម្មករ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អ្នករបួស និងស្លាប់។ ជាមួយគ្នានេះ ត្រូវជំរុញការអប់រំវិន័យ សីលធម៌ អាកប្បកិរិយាមន្ត្រីនគរបាលចរាចរណ៍ជាប្រចាំ ព្រមទាំងបង្កើនការផ្សព្វផ្សាយអំពើល្អដូចជា ការបញ្ជាចរាចរណ៍នៅតាមទីតាំងដែលមានការកកស្ទះ ដូចជានៅខាងមុខ ច្រកចេញចូលរោងចក្រ និងសម្របសម្រួលឆ្លងផ្លូវ ជាពិសេសសកម្មភាព ដឹកដៃសិស្សចេញ-ចូលពីសាលារៀន។
– ពង្រឹងការងារប៉ុស្តិ៍នគរបាលរដ្ឋបាល ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការងារនគរបាល និងសហគមន៍ ជូនមន្ត្រីប៉ុស្តិ៍ និងប្តូរឥរិយាបថមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីឲ្យប្រជាពលរដ្ឋប្តូរពីតិះទៀនរិះគន់ មកសរសើរ និងសហការផ្តល់ព័ត៌មាន។
– ពង្រឹងការងារប្រចាំបញ្ជា និងអន្តរាគមន៍ មានវេនប្រចាំការដោយអនុវត្តរបបប្តូរវេន ដើម្បីត្រៀមអន្តរាគមន៍តាមដានសកម្មភាពអាចប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ ដោយត្រូវប្រតិកម្មរហ័ស ដើម្បីបកស្រាយជូនសាធារណៈជន សំដៅបន្សាបឥទ្ធិពលប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបើកទ្វារប៉ុស្តិ៍និងមានអ្នកប្រចាំការ ២៤/២៤ ម៉ោង។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក្នុងនាម លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បាននាំយកអំណោយឧបត្ថម្ភដល់ប៉ុស្តិ៍នគរបាលរដ្ឋទាំង៥ រួមមាន៖
១- កុំព្យូទ័រលើតុ និងម៉ាស៊ីនព្រីន ក្នុង១ប៉ុស្តិ៍ ១គ្រឿង
២- ថវិកាដល់កងកម្លាំងទាំង ៣ប្រភេទ ក្នុងមួយកងកម្លាំងចំនួន ១លានរៀល
៣- គណៈរៀបចំកម្មវិធី ២លានរៀល
៤- មេប៉ុស្តិ៍ ក្រុមប្រឹក្សា និងប្រជាការពារ ក្នុងម្នាក់១០ម៉ឺនរៀល៕
ដោយ ៖ សិលា